តាមបណ្តាខេត្ត-រាជធានី អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០% សូមពលរដ្ឋមានការប្រុងប្រយត្ន័
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ --
តាមបណ្តាខេត្ត អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ។

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦៖ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។ ២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។ ៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្/រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ២០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕
ដោយ៖ សួស សំរិត





