មន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ាន និងគណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានអាស៊ាន អញ្ជើញទៅទស្សនកិច្ចតំបន់កោះ ក្រុងកោះរ៉ុង
AKP ព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥--មន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ាននៃបណ្តាប្រទេសអាស៊ាន រួមទាំងគណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានអាស៊ាន និងមន្ត្រីសម្របសម្រួលកិច្ចប្រជុំត្រៀមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23rd ASEAN Cooperation on Civil Service Matters (ACCSM)) បានអញ្ជើញទៅទស្សនកិច្ចតំបន់ទេសចរណ៍តំបន់កោះក្នុងខេត្តព្រះសីហនុ (កោះរ៉ុង) ដែលជាកោះដ៏ស្រស់ស្អាតមួយក្នុងចំណោមបណ្តាកោះដ៏ស្រស់ស្អាតជាច្រើនទៀតនៅលើទឹកដីនៃខេត្តព្រះសីហនុ។

ទស្សនកិច្ចតំបន់កោះនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទទួលបានការសម្របសម្រួលពីលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈកម្ពុជា ក្នុងភាពជាប្រធាន ACCSM លើកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កិច្ចការមុខងារសាធារណៈ ដោយទៅទស្សនាសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង និងជិះទូកកាយ៉ាក់ គយគន់ទេសភាពតាមដងព្រែកកោងកាង ជាពិសេសថតរូបទេសភាពនៅតាមព្រែកកោងកាងប្រកបដោយស្នាមញញឹម រួចបន្តដំណើរទៅទស្សនាកម្សាន្តនៅឆ្នេរឡងសិត ឆ្នេរកោះរ៉ុង ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ គណៈប្រតិភូជាន់ខ្ពស់មុខងារសាធារណៈ និងអគ្គលេខាដ្ឋានអាស៊ាន ក៏បានស្វែងយល់ពីសក្តានុពលទេសចរណ៍តំបន់កោះ និងបានប្រាស្រ័យទាក់ទងល្អជាមួយប្រជាពលរដ្ឋអ្នកកោះរ៉ុងផងដែរ។

សូមរម្លឹកថា មន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ាននៃបណ្តាប្រទេសអាស៊ាន រួមទាំងគណៈប្រតិភូនៃអគ្គលេខាធិការដ្ឋានអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់អាស៊ាន រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ៕


ដោយ ងូ សុមុនី





