កីឡាការិនីតេក្វាន់ដូ WT ត្រៀមប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥—
កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT កំពុងបង្កើនការហ្វឹកហាត់ដុសខាត់គុណភាពបច្ចេកទេស នៅក្នុងចំណោមជិត ២០ប្រភេទកីឡារបស់កម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥។

នៅក្នុងចំណោមកីឡាករ កីឡាការិនី៣នាក់ ដែលកំពុងហ្វឹកហាត់ត្រៀនខ្លួនយ៉ាងសកម្ម ៣ពេល ក្នុង១ថ្ងៃ គឺកីឡាការិនីវ័យ១៦ឆ្នាំ ហេង ម៉ាលីស បានលើកឡើងថា ខ្លួនបានចូលរួមហ្វឹកហាត់រយៈពេល ៣ឆ្នាំមកហើយៗកីឡាការិនីតេក្វាន់ដូ WT រូបនេះក៏បង្ហាញក្តីរីករាយជាខ្លាំង ដែលត្រូវបានគ្រូធំជម្រើសជាតិកម្ពុជា លោក ឆយ យ៉ុងសុក បានជ្រើសរើសតំណាងជាតិ ត្រៀមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន ឆ្នាំ២០២៥។ កីឡាការិនី ហេង ម៉ាលីស បានបង្ហាញពីការប្តេជ្ញាខ្ពស់ថា នាងនឹងបន្តប្រឹងប្រែងការហ្វឹកហាត់ឱ្យបានខ្លាំងក្លា តាមកម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹកដាក់ឱ្យ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព សម្រាប់ការប្រកួតយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ខាងមុខនេះ។
កីឡាការិនី ហេង ម៉ាលីស គូសបញ្ជាក់ថា ឪពុកម្តាយរបស់នាងតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងមានមោទនភាពផងដែរ ដែល ហេង ម៉ាលីស បានចូលរួមប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ជាលើកដំបូងរបស់ខ្លួន។ «ប្រសិនបើការខិតខំរបស់នាងខ្ញុំបានជោគជ័យ តាមរយៈការឈ្នះមេដាយ ក្នុងកម្រិតណាមួយយកមកជូនជាតិបានមែន នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ សម្រាប់ការលើកមុខមាត់ប្រទេសជាតិ ខេមរសហព័ន្ធតេក្វាន់ដូ ក្រុមគ្រួសារ និងនាងខ្ញុំផ្ទាល់»។

ស្ថិតក្នុងវ័យ១៦ឆ្នាំ កីឡាការិនីជម្រើសជាតិ ហេង ម៉ាលីស បានបន្ថែមថា ខ្លួនតែងតែទទួលបានការណែនាំពីសិស្សច្បងជាច្រើននាក់ ក្នុងការទទួលយកនូវការចែករំលែកបទពិសោធ ការហ្វឹកហាត់ និងការប្រកួតអន្តរជាតិរបស់ពួកគាត់កន្លងមក។ ជាមួយនឹងការប្តេជ្ញាចិត្តនេះ ហេង ម៉ាលីស សង្ឃឹមថា ២-៣ទៀត នាងនឹងអាចឈានដល់កម្រិតគុណភាពបច្ចេកទេសខ្ពស់ៗដូចសិស្សច្បងរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា កីឡាការិនី ហេង ម៉ាលីស ជាក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ WT ជាសិស្សរបស់ក្លឹបកីឡាតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព និងជាអតីតសិស្ស វិទ្យាល័យហ៊ុន សែន សេរីភាព តំណាងប្រទេសកម្ពុជាចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ី នាខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន៕
ដោយ ហេង ណាលីន





