បទវិចារណកថា៖ សូមបន្តគាំទ្រផលិតផលខ្មែរ ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់សេដ្ឋកិច្ចជាតិយើង
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦--
បច្ចុប្បន្នទំនិញខ្មែរជាច្រើនប្រភេទ ជាពិសេសគ្រឿងឧបភោគបរិភោគ គ្រឿងទេស និងអាហារសម្រន់ កំពុងចរាចរយ៉ាងសកម្មនៅទីផ្សារក្នុងស្រុកដែលជំនួសការនាំចូលពីប្រទេសថៃ។
ស្មារតីពហិការទំនិញថៃជាង ១ឆ្នាំមកនេះ បាននាំមកនូវការពង្រីក និងជំរុញខឿនផលិតកម្មក្នុងស្រុក សម្រាប់ប្រជាពលរដ្ឋខ្មែរទៅលើទំនិញគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ រួមទាំងទំនិញចាំបាច់មួយចំនួនដែលបម្រើក្នុងជីវភាពរស់នៅ។ ប៉ុន្តែនៅមានការលួចនាំចូលថ្មីៗ របស់ឈ្មួញអគតិមួយចំនួនដែលនាំឱ្យមានមតិរិះគន់ពីគ្រប់មជ្ឈដ្ឋាន។
ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយបញ្ជាទៅកម្លាំងសមត្ថកិច្ច ឱ្យធ្វើការស៊ើបអង្កេតដើម្បីវែកមុខអ្នកនាំទំនិញពីថៃចូលកម្ពុជា។ សម្តេចតេជោ បានចាត់ទុកថា គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ ប្រមាថជាតិ និងប្រមាថវីរយោធិន ដែលបានពលី ព្រមទាំងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយសង្គ្រាមឈ្លានពានថៃ កាលពីឆ្នាំ២០២៥កន្លងទៅ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួន ទាំងជាតិសាសន៍!”។
យើងត្រូវចាំថា ថៃបានប្រកាសបិទព្រំដែនជាមួយកម្ពុជាដោយឯកតោភាគីកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ និងប្រកាសកាត់ផ្តាច់ អគ្គីសនី អ៊ីនធឺណិត និងថាមពលប្រេងឥន្ធនៈដល់កម្ពុជា។ ភ្លាមៗនោះកម្ពុជាក៏បានឆ្លើយតបវិញដោយហាមមិនឱ្យនាំចូលទំនិញយុទ្ធសាស្ត្រមួយចំនួនរួមមាន ប្រេងឥន្ធនៈ បន្លែ ផ្លែឈើ និងឧស្ម័ន។ល។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានប្រកាសចាត់វិធានការដោយបញ្ជាទៅកងកម្លាំងសមត្ថកិច្ច ស៊ើបអង្កេតដើម្បីវែកមុខអ្នកនាំទំនិញថៃចូលកម្ពុជា។
ជាការពិត ប្រជាពលរដ្ឋខ្មែរពីគ្រប់និន្នាការ បាននិងកំពុងគាំទ្រផលិតផលខ្មែរ បន្ទាប់ពីបានជ្រាបចូលទៅក្នុងទីផ្សារយើងកាន់ច្រើន ហើយបានទទួលបានការពេញនិយមខ្លាំងគួរឱ្យកត់សម្គាល់ថែមទៀតផង ហើយទំនិញខ្លះបានជំនួសការនាំចូលពីប្រទេសថៃដល់ជាង៨០ ភាគរយ។ ចំណែកឯទំនិញខ្លះទៀតជំនួសបានប្រមាណ៤០ភាគរយ និងខ្លះទៀតក៏ជំនួសបាន ៣០ភាគរយ គឺអាស្រ័យទៅតាមប្រភេទទំនិញនីមួយៗ។
បើតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ មីជាតិគឺបានជំនួសវត្តមានមីរបស់ថៃនៅតាមបណ្តាផ្សារទំនើបទូទាំងប្រទេសបានដល់ ៨៣,៣ភាគរយ។ ប្រេងឆាជំនួសបានជិត ២២ភាគរយ ប្រេង នានាប្រើប្រាស់បម្រើដល់ការធ្វើអាហារមាន ៣៨,២ភាគរយ និងទឹកដោះគោជំនួសបានប្រមាណ ៣០ភាគរយ។ ផលិតកម្មនៃទំនិញទាំងនេះត្រូវបានពង្រីកបន្ថែមជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងឈានដល់ការជំនួសទាំងស្រុងនូវទំនិញថៃ។
ក្នុងបរិបទនេះ គឺជាឱកាសដ៏ល្អសម្រាប់វិស័យឧស្សាហកម្មក្នុងស្រុកក្នុងការពង្រឹងខ្លួន និងពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនជាបណ្តើរៗ ដែលនឹងឈានទៅជំនួសទំនិញនាំចូលពីបរទេស ជាពិសេសគឺទំនិញដែលនាំចូលពីប្រទេសថៃតែម្តង។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ មកទល់បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ថៃ តាមផ្លូវគោក ត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារភាគីថៃបានបិទច្រកព្រំដែនជាឯកតោភាគីជាមួយកម្ពុជា។ ចាប់តាំងពីពេលនោះមក ពលរដ្ឋកម្ពុជាគ្រប់រូបបានបង្ហាញស្មារតីជាតិនិយមដោយរួមគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញថៃមកទល់សព្វថ្ងៃ។ តែទោះបីជាយ៉ាងណា ទំនិញថៃនៅតែមានហូរចូលមកកម្ពុជាតាមរយៈការលួចនាំចូលដោយខុសច្បាប់តាមច្រកព្រំដែនគោក និងមួយចំនួនតាមរយៈផ្លូវទឹក និងផ្លូវអាកាស ដោយក្រុមឈ្មួញមួយចំនួនដែលមិនគិតពីប្រយោជន៍ជាតិ តែគិតតែពីផលប្រយោជន៍បុគ្គល។
ជាក់ស្តែង កាលពីថ្ងៃទី១០ និងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលសាច់បង្កកស្តុកទុកនៅឃ្លាំងដែលស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែន សុខ ឃ្លាំងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដោយតាមរបាយការណ៍របស់អាជ្ញាធរឱ្យដឹងថា នៅក្នុងឃ្លាំងដែលស្ថិតនៅខណ្ឌសែនសុខមិនមានទំនិញនាំពីថៃចូលមកកម្ពុជាឡើយ ប៉ុន្តែឃ្លាំងស្តុកសាច់បង្កកនៅខណ្ឌព្រែកព្នៅ និងខណ្ឌឬស្សីកែវគឺមានសាច់បង្កក និងទំនិញនាំពីថៃជាង ២០០តោន។
របាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ឱ្យដឹងថា ឃ្លាំងផលិតផលសាច់បង្កកស្តុកទុកនៅទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំនិញ ២ប្រភេទ ដែលមានស្លាកសញ្ញាជាអក្សរថៃ ២១៥កញ្ចប់ ស្មើនឹង៤៣០គីឡូក្រាម។ ចំណែកឃ្លាំងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មានផលិតផលចំនួន ២៥ប្រភេទ ដែលមានស្លាកសញ្ញាជាអក្សរថៃ ១ ២០៩កេស ស្មើនឹង២១៨តោន។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងចម្រុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែងនៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ មានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខដែលបាននាំចូលពីប្រទេសថៃ។ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។
ក្នុងនាមជាប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នាប្រមាណ ៨០០គីឡូម៉ែត្រ វាមានការលំបាកបន្តិចក្នុងការហាមឃាត់ ១០០ភាគរយ ក្នុងការនាំចូលទំនិញថៃចូលកម្ពុជា។ យើងដឹងហើយថាមានពលរដ្ឋកម្ពុជាមួយចំនួនបន្តរកស៊ីជាមួយនឹងឈ្មួញថៃ តាមរយៈការនាំទំនិញចូលទាំងស្របច្បាប់ និងខុសច្បាប់ ហើយទំនិញមួយចំនួនអាចនាំចូលតាមផ្លូវអាកាសទៀតផង។
ការចង់ហាមឃាត់ការនាំចូលទំនិញថៃ ១០០ភាគរយ គឺជាការលំបាកបន្តិចដោយសារតែផលប្រយោជន៍បុគ្គល និងផលប្រយោជន៍អ្នកដែលមិនបានគិតពីផលប្រយោជន៍ជាតិ។ ដូច្នេះហើយការតាំងចិត្តមិនប្រើប្រាស់ទំនិញថៃ គឺជារឿងចាំបាច់បំផុតដែលត្រូវប្រកាន់យក។
នៅក្នុងទំនាក់ទំនងការទូតជាមួយថៃ កម្ពុជាមានជំហរច្បាស់លាស់ដោយប្រាកដថា ពាណិជ្ជកម្មគឺជាច្រកនៃទំនាក់ទំនងរវាងប្រទេសពីរ ហើយពាណិជ្ជកម្មគឺជាមធ្យោបាយមួយដែលធ្វើឱ្យមានសន្តិភាព រវាងប្រទេស និងប្រទេស តំបន់និងតំបន់។ កម្ពុជាបានប្រកាន់ជំហរនេះ មិនព្រមកាត់ផ្ដាច់ទាំងស្រុងនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយថៃទេ។ ក៏ប៉ុន្តែកម្ពុជាដើរតាមជំហានរបស់ថៃនៅក្នុងការផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មនេះដោយដំបូងថៃបាន ផ្ដាច់ភ្លើង ផ្ដាច់ការនាំចូលប្រេង បិទព្រដែន ជាឯកតោភាគី រីឯកម្ពុជាគ្រាន់តែឆ្លើយតបតាមតែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានថ្លែងថា៖ “អត់ឱ្យទំនិញថៃណាចូលមកក្នុងស្រុកខ្មែរទេ។ ថៃថាយើងជាអ្នកទៅលួចទំនិញគេ [...]។ ខ្ញុំប្តូរផ្តាច់បញ្ជាក់ពីទីក្រុងបាត់ដំបងទៅកាន់ទីក្រុងភ្នំពេញ និងគ្រប់ទីកន្លែងឱ្យឈប់ជាបន្ទាន់ ដកខ្លួនជាបន្ទាន់! ហើយរកមុខរបរផ្សេង កុំទៅដឹករបស់គេមកវេចខ្ចប់។ មិនដឹងថារបស់អស់ហ្នឹងមានគ្រោះថ្នាក់យ៉ាងម៉េចចំពោះសុខភាពប្រជាពលរដ្ឋទៀត”។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងអត់មានត្រូវការទំនិញពីប្រទេសថៃទេ។ និយាយឱ្យត្រង់អញ្ចឹងតែម្តងទៅ [...]។ ប្រសិនបើក្នុងស្រុកខ្វះទំនិញ យើងនាំទំនិញពីវៀតណាម ចិន ម៉ាឡេស៊ី សិង្ហបុរី មកលក់ស្រុកខ្មែរទៅ ប៉ុន្ដែសំខាន់ជំរុញផលិតកម្មទំនិញរបស់យើង [...]»។
ដោយឡែកទំនិញដែលឆ្លងកាត់តាមផ្លូវទឹក និងផ្លូវអាកាស គឺជាសមត្ថកិច្ចរបស់គយ ដែលជាអ្នកកំណត់ថាខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹក និងផ្លូវអាកាស ភាគីទាំង២កម្ពុជា-ថៃ នៅដំណើរការជាធម្មតា។
យើងគួរចាំថា ថៃមិនឱ្យតម្លៃទៅលើការទិញទំនិញរបស់កម្ពុជានោះទេ ហើយព្យាយាមបង្កជាទំនាស់ និងឈ្លានពានកម្ពុជា។ កម្ពុជាគួរតែឈប់នាំចូលទំនិញថៃទាំងស្រុងដើម្បីឆ្លើយតបទៅនឹងការប្រមាថរបស់ថែមកលើកម្ពុជា ព្រោះយើងមានលុយទិញទំនិញពីគេ តែគេបែរជាដៀលយើង ប្រមាថយើង ថែមទាំងឈ្លានពានយើងទាំងកំរោលទៀត។
យើងត្រូវដឹងថា ថៃបានប្រមាថកម្ពុជារហូតមានពលរដ្ឋថៃខ្លះបាននិយាយថា ឱ្យរដ្ឋាភិបាលថៃបិទព្រំដែនជាមួយកម្ពុជារហូតទៅដើម្បីឱ្យកម្ពុជាដាច់ពោះស្លាប់។ ប៉ុន្តែកម្ពុជាមិនមែនមានមិត្តតែជាមួយថៃឯណា កម្ពុជាមានមិត្តច្រើនទាំងក្នុងអាស៊ាន និងក្នុងពិភពលោក។ កម្ពុជាអាចនាំចូលទំនិញមកពីចិន កូរ៉េ ជប៉ុន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសជាច្រើនទៀត ដើម្បីជំនួសឱ្យទំនិញរបស់ថៃ។
ការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជាក្នុងការធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ នៅទូទាំងប្រទេស នេះគឺជាជំហរយ៉ាងត្រឹមត្រូវ ហើយល្អប្រសើរសម្រាប់ឯករាជ្យភាពក្នុងការប្រើប្រាស់ទំនិញយុទ្ធសាស្ត្រ ក៏ដូចជាការប្រើប្រាស់ទំនិញប្រចាំថ្ងៃរបស់កម្ពុជា រួមទាំងជំរុញឱ្យសហគ្រាសកម្ពុជាខិតខំបង្កើនសមត្ថភាពបន្ថែមទៀតក្នុងការផលិតទំនិញប្រើប្រាស់ផ្គត់ផ្គង់នៅក្នុងប្រទេស។
យើងពិតអបអរសាទរ ប្រសិនជារាជរដ្ឋាភិបាលហាមឃាត់ទាំងស្រុង ការនាំចូលទំនិញរបស់ថៃចូលក្នុងប្រទេសកម្ពុជា។ យើងមិនគួរទិញទំនិញពីគេមកប្រើទៀតទេ ហើយងាកគាំទ្រផលិតផលខ្មែរវិញ ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងដើម្បីបង្ហាញថាខ្មែរអាចខ្វះថៃបាន និងមិនឱ្យថៃប្រមាថ និងមើលងាយយើងបានបន្តទៀត! ដូចពាក្យស្លោកមួយថា៖ “ស៊ូស្រក់ឈាម មិនឱ្យគេប្រមាថ”។

ដោយ AKP





