ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក និងលោក លោកស្រីប្រធានការិយាល័យ និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom)។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ និងចូលរួមបំពេញការងារប្រចាំការ និងឆ្លើយតបក្នុងការពង្រឹងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្ត្រាចារ្យបានលើកអំពីភាពជោគជ័យក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសក្នុងការចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ក្រោមប្រធានបទ “ពិភពលោកមួយ ដើម្បីសុខភាព One World for Health”។ នេះជាលទ្ធផលបានពីការខិតខំរបស់បងប្អូនសុខាភិបាលគ្រប់កម្រិតទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានជម្រាបជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ នៅតាមអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សូមយកចិត្តទុកដាក់បន្ថែម និងកាន់តែមានភាពវាងវៃ សម្របសម្រួលឱ្យបានរលូនទៅដល់ការព្យាបាលថែទាំប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានសុខាភិបាលទាំងសាធារណៈ ទាំងឯកជន។ ឯកឧត្តមបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនាយកដ្ឋាននីមួយៗ មានមតិរាយការណ៍អំពីវឌ្ឍនភាព និងកិច្ចការអនុវត្តបន្ត តាមរយៈរបាយការណ៍សកម្មភាពការងារដែលបានធ្វើកន្លងមក។

មុនបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យក៏បានផ្តល់អនុសាសន៍ និងការណែនាំនូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ១) សូមពិនិត្យមើលជាក់ស្តែង តម្រូវការចំបាច់នូវសម្ភារឧបករណ៍ក្នុងការបំពាក់ទីតាំងចត្តាឡីស័កនៅព្រលានយន្តថ្មី ដើម្បីការពារ និងទប់ស្កាត់ជំងឺឆ្លង។ ២) ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើសេវា ការផ្តល់ជូនឱសថព្យាបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនូវជំងឺមិនឆ្លង (ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម) រួមទាំងការអប់រំសុខភាពបង្ការជំងឺមហារីក និង៣) ការបង្ការ និងការពារជំងឺកូវីដ-១៩ ដោយត្រូវរំលឹកការចូលរួមក្នុងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ពិសេសជនងាយរងហានិភ័យ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





