កិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥--ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានមន្ទីរ និងអភិបាលក្រុងស្រុកជុំវិញខេត្តជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ឈឹម វុទ្ធា អភិបាលរងខេត្ដកំពង់ឆ្នាំង បានអានខ្លឹមសាររបៀបវារៈរួមមាន៖ ១. សេចក្ដីព្រាងរបៀបវារ:កិច្ចប្រជុំសាមញ្ញលើកទី១១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ២. សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្ត ៣. ការអនុម័តសេចព្រាងគម្រោងវិនិយោគជាអាទិភាពគម្រោងដែលប្រើប្រាស់តែថវិការបស់រដ្ឋបាលខេត្ត សម្រាប់ដំណើរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៦ - ២០២៩ និង៤.បញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ជាពិសេសត្រូវបន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណៈ និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ទៀតថា តាមរយៈកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកសមាជិកា លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ បានបង្ហាញឱ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី១២របស់ក្រុមប្រឹក្សាខេត្តប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលល្អតាមការគ្រោងទុក។ សមាជិកក្រុមប្រឹក្សាទាំងអស់មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕


ដោយ បៃ ស៊ីថុន





