សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរីចុះខ្សោយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ បរិយាប័ន្ន និងផ្អែកលើច្បាប់ ចុះខ្សោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដូច្នេះ នៅក្នុងវេទិកា Nikkei ស្តីពី អនាគតរបស់អាស៊ី លើកទី៣០ ដែលរៀបចំឡើងនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ«បញ្ហាប្រឈមរបស់អាស៊ីនៅក្នុងពិភពលោកដ៏ច្របូកច្របល់»។

ជាមួយគ្នានេះ សម្ដេចធិបតី បានកត់សម្គាល់ឃើញថា ប្រទេសដែលខ្វះអំណាចចរចាកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយបញ្ហានេះ បាននិងកំពុងជះឥទ្ធិពលមិនសមាមាត្រគ្នាទៅលើអ្នកដែលងាយរងគ្រោះបំផុតក្នុង ចំណោមពួកយើង។

ក្រៅពីនោះ សម្ដេចធិបតី ក៏បានលើកយក បញ្ហាលទ្ធិជ្រុលនិយម និងជាតិនិយមហួសហេតុ ដែលជាបញ្ហាដ៏គ្រោះថ្នាក់នេះកំពុងក្លាយជានិន្នាការដែលគួរឱ្យព្រួយបារម្ភ និងធ្វើឱ្យកាន់តែស្មុគស្មាញ។ អ្នកនយោបាយមួយចំនួនកំពុងលេងល្បែង ភ្នាល់គ្នាទៅលើភាពជ្រុលនិយម និងជាតិនិយមហួសហេតុ ដើម្បីស្វែងរកអំណាច។ ការអនុវត្តដ៏គ្រោះថ្នាក់បែបនេះអាចនឹងបង្កឱ្យមានការបែកបាក់, ការរំខាន, ការផ្តាច់ទំនាក់ទំនង, ការប្រឈមមុខដាក់គ្នា និងភាពវឹកវរនៅក្នុងសង្គមរបស់យើង៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ទំព័រហ្វេសប៊ុកសម្ដេចធិបតី





