ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាពង្រឹងការងារព្រំដែន និងផ្សព្វផ្សាយភារកិច្ចចាំបាច់ដល់កម្លាំងការពារព្រំដែន៤ វរសេនាតូច
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន និងផ្សព្វផ្សាយភារកិច្ចចាំបាច់ដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង៤ និងលោកអធិការនគរបាលក្រុង-ស្រុកចំនួន ៥ ដែលស្ថិតនៅជាប់តំបន់ព្រំដែន។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធឡើងនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨៩១ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពស់ពីសំណាក់លោកស្នងការរង នាយការិយាល័យសន្តិសុខ លោកអធិការនគរបាល និងលោកមេបញ្ជាការ-មេបញ្ជាការរងវរនគរបាលការពារព្រំដែនជាច្រើនរូប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវបទបញ្ជា និងផែនការច្បាស់លាស់មួយចំនួនដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ ដោយសង្កត់ធ្ងន់លើចំណុចគន្លឹះនោះត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។ ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខតាមព្រំដែន ក្តាប់ឲ្យបានរាល់ព័ត៌មានប្រែប្រួលតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ដើម្បីត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា។ ពង្រឹងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ពង្រឹងការប្រចាំការ និងយាមល្បាត ២៤ ម៉ោងលើ ២៤ ម៉ោង ដោយឈរលើឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។

លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ដោយទាមទារឲ្យកម្លាំងទាំងអស់បង្កើនការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕

ដោយ ឈុន សារ៉ាត





