មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺរៀបចំប្រារព្ធខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ ០១មិថុនា ឆ្នាំ២០២៥
AKP កំពង់ស្ពឺ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥-- មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពី អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ក្មួយៗយុវជន កុមារា និងកុមារី ព្រមទាំងអាណាព្យាបាលសិស្សានុសិស្ស ជាច្រើនទៀតផងដែរ នៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរអប់រំបានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។

ការប្រារព្ធខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព” ដើម្បី ក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់កិច្ចការពារពីសំណាក់អ្នកពាក់ព័ន្ធនានា ចំពោះកុមារដែលងាយរងគ្រោះ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវកំណែទម្រង់ សាលារៀនជាអាទិភាព ដែលក្នុងនោះក្រសួងនឹងពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផល សិក្សារបស់សិស្ស ការផ្លាស់ប្តូរវប្បធម៌សាលារៀន និងការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រោមការដឹកនាំប្រកបដោយឆ្លៀសវៃ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ សំដៅ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានធ្វើការ ផ្តាំផ្ញើដល់ក្មួយៗយុវជន និងសិស្សានុសិស្ស ត្រូវខិតខំក្រេបយកចំណេះដឹង និងចៀសឱ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ សង្គមជាតិឱ្យរីកចម្រើន។ សិស្សានុសិស្សទាំងអស់ត្រូវចៀសឱ្យផុតពីបញ្ហាគ្រឿងញៀន ដោយកុំចង់ភ្លក្ស និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកសុវត្ថិភាព និងកុំបើកបរលឿន ក្រៅពីនោះមិនត្រូវគេចវេះម៉ោងសិក្សាទៅប្រមូលផ្តុំប្រព្រឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើម បង្កការបង្កើតបក្សពួក បងតូច បងធំ ដែលនឹងត្រូវបំផ្លាញអនាគតរបស់ក្មួយៗនោះឡើយ៕

ដោយ លឹម សាន្ត





