ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គររយៈពេល៥ខែ ឆ្នាំ២០២៥ មានចំនួន ២៤ ៥៦៩ ០២៤ ដុល្លារ
AKP សៀមរាប ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងខែឧសភា ឆ្នាំ២០២៥ មានចំនួនភ្ញៀវទេសចរបរទេស ៥២ ៧៦៧ នាក់ កើនឡើង៣,៧១% និងចំណូលដែលទទួលបានពីការលក់សំបុត្រមានចំនួន ២ ៣៦០ ២១៤ ដុល្លារ កើនឡើង៣,១០%។ចំណូលឧបត្ថម្ភមូនិធិ គន្ធបុប្ផាកម្ពុជាមានចំនួន ១០៥ ៥៣៤ ដុល្លារ។

សម្រាប់រយៈពេល០៥ ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនភ្ញៀវទេសចរបរទេស ៥២៧ ៥៧៧ នាក់ កើនឡើង១១,៧១% ចំណូលដែលបានពីការលក់សំបុត្រមានចំនួន ២៤ ៥៦៩ ០២៤ ដុល្លារ កើនឡើង១០,៦៤% ក្នុងនោះ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជារយៈពេល ០៥ខែ ក្នុងឆ្នាំ២០២៥ មានចំនួនសរុប ១ ០៥៥ ១៥៤ ដុល្លារ។

ចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ០៥ខែ ឆ្នាំ២០២៥ មានចំនួន ១១ ៤៩៩ នាក់ ស្មើ ១៧២ ៤៨៥ ដុល្លារ។ ចំណូលលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេល ០៥ខែ ឆ្នាំ២០២៥ មានចំនួន ៧ ៥៥២ នាក់ស្មើ ៧៥ ៥២០ ដុល្លារ ។ ចំណូលលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល ០៥ខែ ឆ្នាំ២០២៥ មានចំនួន ៥៧០នាក់ ស្មើ ២ ៨៥០ ដុល្លារ។ ចំណូលលក់សំបុត្រទូក រយៈពេល០៥ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៧៩២ ៩១៨ ដុល្លារ ។ សេវាឈ្នួលទូកសរុប ១៦ ១៨៩ទូក ស្មើ ៣៥០ ៥០៣ ដុល្លារ៕

ដោយ៖ ឃុត សៅ





