ឯកឧត្តម អ៊ុំ រាត្រី៖ ឆ្មបជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការថែទាំសុខភាពសាធារណៈ ជាពិសេសក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥--ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិជ្ជាជីវៈឆ្មប ដោយលើកឡើងថា ឆ្មបគឺជាឆ្អឹងខ្នងដ៏រឹងមាំមួយក្នុងការថែទាំសុខភាពសាធារណៈ ជាពិសេសក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តម អ៊ុំ រាត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ក្រោមប្រធានបទដ៏មានអត្ថន័យថា "ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាពគ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ" បានប្រារព្ធឡើងយ៉ាងមហោឡារិកនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋ និស្សិតដែលបានបង្ហាញពីការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ឆ្មប ក្នុងការថែទាំសុខភាពមាតា និងទារក ជាពិសេសក្នុងកាលៈទេសៈលំបាកនានា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ពួកគាត់បានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសូម្បីតែគ្រោះថ្នាក់ផ្ទាល់ខ្លួន ដើម្បីធានាសុវត្ថិភាពដល់ការប្រសូត និងការថែទាំក្រោយពេលប្រសូត មិនថាក្នុងស្ថានភាពធម្មតា ឬក្នុងគ្រាមានអាសន្នឡើយ។ ការខិតខំប្រឹងប្រែងរបស់ឆ្មប គឺមិនអាចកាត់ថ្លៃបានឡើយ ព្រោះជាអ្នកផ្ដល់កំណើតជីវិតថ្មី និងជាអ្នកជួយសង្គ្រោះជីវិត។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការបកស្រាយស៊ីជម្រៅអំពីប្រធានបទនៃទិវានេះ និងបានសង្កត់ធ្ងន់ថា ឆ្មបមិនត្រឹមតែបំពេញភារកិច្ចក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាពប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់បានលាតសន្ធឹងសកម្មភាពរបស់ខ្លួនដល់សហគមន៍ជនបទដាច់ស្រយាល និងសូម្បីតែតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ ក្នុងស្ថានភាពទាំងនោះ ឆ្មបបានក្លាយជាអ្នកផ្ដល់សេវាថែទាំសុខភាពបឋមដ៏សំខាន់ ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ និងទារកដែលងាយរងគ្រោះបំផុត។

លោកវេជ្ជបណ្ឌិតបានលើកឡើងនូវឧទាហរណ៍ជាក់ស្ដែងជាច្រើន អំពីការលះបង់របស់ឆ្មបក្នុងអំឡុងពេលទឹកជំនន់ គ្រោះរាំងស្ងួត ឬករណីមានជំងឺឆ្លងរាតត្បាត។ ពួកគាត់បានធ្វើដំណើរឆ្លងកាត់ការលំបាកជាច្រើន ដើម្បីទៅដល់កន្លែងដែលមានតម្រូវការ ផ្តល់ការប្រឹក្សា ការពិនិត្យផ្ទៃពោះ និងជួយសម្រាលកូនដោយសុវត្ថិភាព ទោះបីជាមានធនធានមានកម្រិតក៏ដោយ។

ការប្រារព្ធទិវាឆ្មបជាតិ-អន្តរជាតិនេះមិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលឹកដល់ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តគាំទ្រ និងលើកកម្ពស់វិជ្ជាជីវៈឆ្មប។ តាមរយៈការបណ្តុះបណ្តាលឆ្មបបន្ថែម ការពង្រឹងសមត្ថភាព និងការផ្តល់ធនធានគ្រប់គ្រាន់ នឹងធ្វើឱ្យសេវាថែទាំសុខភាពមាតា និងទារកកាន់តែមានប្រសិទ្ធភាព និងអាចទៅដល់ប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងស្ថានភាពបែបណាក៏ដោយ។
ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ពិតជាបានរំលេចឡើងនូវតួនាទីដែលមិនអាចខ្វះបានរបស់ឆ្មប ដែលជាអ្នកជួយសង្គ្រោះជីវិត និងជាបង្អែកដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលមានសុខភាពល្អ និងប្រកបដោយចីរភាព។ ការលះបង់របស់ពួកគាត់គឺជាគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ និងជាការរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍប្រទេសជាតិ៕
ដោយ ឈុន សារ៉ាត





