កិច្ចប្រជុំឆ្លងរបាយការណ៍ខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- នៅទីស្ដីការក្រសួងការពារជាតិ កិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបការងារខែឧសភា និងលើកទិសដៅសម្រាប់អនុវត្តបន្តខែមិថុនា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្កម នាយឧត្តមសេនីយ៏ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់មកពីគ្រប់ស្ថាប័នជំនាញចំណុះឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងរបាយការណ៍បូកសរុបការងារបានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗ ក្នុងខែឧសភាកន្លងមកដែលខ.ភ.មបានចូលរួមបំពេញភារកិច្ចសហការការពារ ជាមួយស្ថាប័ននានា ក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យជាតិរបស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ក្នុងរបាយការណ៍ប្រចាំខែក៏បានលើកឡើងពីលទ្ធផលការងារនៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ មានសភាពការណ៍ព្រំដែន សភាពការណ៍សំខាន់ៗ រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ សភាពការណ៍សន្ដិសុខ ល្បាតការពារសន្តិសុខ សុវត្ថិភាពថ្វាយជូនព្រះមហាក្សត្រជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ សភាពការណ៍កងយោធពលខេមរភូមិន្ទ លទ្ធផលនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ ការងារនីតិកម្ម និងកសាងលិខិតបទដ្ឋាន ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារ សម្រេចបានក្នុងរយៈពេល១ខែឧសភាកន្លងទៅ ក្រោមកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនតាមយុទ្ធសាស្រ្ដបព្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងខែឧសភា ឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទបានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ ខ.ភ.មបានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្មការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។
បណ្តាសា្ថប័ន អង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងាររបស់ខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រ នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារបច្ចេកទេស កែច្នៃជួសជុលថែទាំលើកកម្ពស់ សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារសុខាភិបាល បានលើកកម្ពស់សុខុមាលភាព។ បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ ផ្សេងៗក្នុងកងទ័ព បានគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ធ្វើការងារល្អលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ការងារកសាង និងដំណើរការវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រយោធា បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀត ដោយសម្រេចបាននូវលទ្ធផលល្អ៕
ដោយ សំ សាម៉ន





