ឯកឧត្តម នួន ផារ័ត្ន ប្រគល់អង្ករ អង្រឹងមានមុងថវិកា និងប្រេងឥន្ធនៈជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសហការីនៃថ្នាក់ដឹកនាំខេត្ត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចមួយចំនួន ព្រមទាំងបានឧបត្ថម្ភអង្ករចំនួន១០តោន អង្រឹងមានមុងសម្រាប់កងទ័ពចំនួន២០០អង្រឹង ថវិកាចំនួន១៨លានរៀល និងប្រេងសាំងចំនួន១០០០លីត្រ ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានរាយការណ៍ជូនឯកឧត្តម នួន ផារ័ត្ន និងប្រតិភូ អំពីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ពិសេសភារកិច្ចរបស់កងកម្លាំងអន្តរាគមន៍ដែលបច្ចុប្បន្នកំពុងត្រៀមបម្រុងដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទនិងឯកឧត្តមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងភារកិច្ចការពារបូរណភាពទឹកដី ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាកម្លាំងស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចសហប្រតិបត្តិការ ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ពិសេសជាកម្លាំងស្នូលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។

ឯកឧត្តម នួន ផារ័ត្ន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងភារកិច្ចការពារជាតិសាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ព្រមទាំងត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងរដូវវស្សាខាងមុខនេះ និងបន្តចូលរួមអនុវត្តក្នុងភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យទទួលលទ្ធផលល្អបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្ត នួន ផារ័ត្ន ដែលតែងតែបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលកន្លងទៅក៏ដូចជាថ្ងៃនេះ និងបានសូមគោរពជូនពរឯកឧត្តមប្រធាន ព្រមទាំងប្រតិភូទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ស៊ុម វណ្ណា





