ឯកឧត្តម នួន ផារ័ត្ន ផ្តល់គោលការណ៍ណែនាំដល់មន្ត្រីអនុវត្តជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ និងប្រគេនដល់ព្រះសង្ឃ
AKP កំពង់ធំ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្តល់គោលការណ៍ណែនាំចំនួន៤ចំណុច ដល់មន្ត្រីអនុវត្ត ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ និងប្រកាសលេខ៤២២១ ប្រកចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃនៅក្នុងវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃចំនួន២០៧អង្គមកពីតាមបណ្ដាវត្តក្នុងក្រុងស្ទឹងសែន អភិបាលរងខេត្ត ថ្នាក់មន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក អធិការក្រុង ស្រុកនិងមន្រ្តីរាជការជុំវិញខេត្តផងដែរ។

ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលដែលមានសញ្ជាតិខ្មែរគ្រប់រូបចាប់ពីអាយុ១៥ឆ្នាំឡើងទៅរួមមានព្រះសង្ឃផង។ កាលពីមុនមិនអនុញ្ញាតឱ្យធ្វើនោះទេ និងសូមឱ្យមន្ត្រីយើងធ្វើយ៉ាងណាអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីជំនាញនិងជួយសម្របសម្រួលការងារធ្វើអត្តសញ្ញាណប័ណ្ណនេះឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមក៏បាននូវផ្តល់គោលការណ៍ណែនាំដល់មន្ត្រីអនុវត្តជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃ រួមមាន៖ ១. ការបំពេញនូវឯកសារស្នើសុំអត្តសញ្ញាណត្រូវធ្វើការប្រមូលឯកឱ្យបានគ្រប់គ្រាន់ និងបំពេញសលាកបត្រឱ្យបានត្រឹមត្រូវ។ ២. ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរត្រូវតែផ្ទៀងផ្ទាត់ថា តើបុគ្គលនោះជាជនជាតិខ្មែរឬក៏បរទេស។ ៣.ការផ្តល់អត្តសញ្ញាណប័ណ្ណដែលហួសុពលភាពត្រូវតែពិនិត្យនិងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ទៅនឹងឯកសារដើម។ ៤. ចៀសវាងការផ្តល់ឯកសារមិនប្រក្រតីយើងត្រូវតែប្រមូលនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសំបុត្រកំណើតនិងឯកសារគតិយុទ្ធផ្សេងៗ ដែលមានតម្លៃស្មើយកមកធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវទើបធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពួកគាត់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណទាំងអស់ ទាំងអ្នកធ្វើអត្តសញ្ញាណប័ណ្ណលើកដំបូង និងអ្នកធ្វើអត្តសញ្ញាណប័ណ្ណហួសសុពលភាពសូមអញ្ជើញ និងនិមន្តទៅធ្វើនៅទីកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ អធិការក្រុង/ស្រុក និងស្នងការនគបាលខេត្តហើយការធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះគឺមិនគិតតម្លៃសេវានោះទេ៕


ដោយ ស៊ុម វណ្ណា





