FFC កោះហៅក្រុមនារីកម្ពុជាហ្វឹកហាត់ ត្រៀមប្រកួតមិត្តភាពអន្តរជាតិមុនធ្វើម្ចាស់ផ្ទះពូល G នៃពានរង្វាន់នារីទ្វីបអាស៊ី ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--សហព័ន្ធកីឡាបាល់ទាត់កម្ពុជា-FFC បានចេញបញ្ជីរាយនាមបឋមក្រុមកីឡាការិនីជម្រើសជាតិកម្ពុជា ២៨នាក់ដំបូង ដើម្បីប្រមូលផ្ដុំហ្វឹកហាត់សម្រាប់ការប្រកួតមិត្តភាពជាមួយហ្គាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ មុនធ្វើម្ចាស់ផ្ទះ វគ្គជម្រុះពូល G នៃពានរង្វាន់ AFC Women's Asian Cup Australia 2026 Qualifiers ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។


ក្រុមកីឡាការិនីកម្ពុជា ដែលត្រូវបានកោះហៅប្រមូលផ្តុំហ្វឹកហាត់ទាំង២៨នាក់នេះ គឺមកពីក្លឹបណាហ្គាវើលដ៍ ៤នាក់ បឹងកេត ២នាក់ ព្រះខ័នរាជស្វាយរៀង ២នាក់ ភ្នំពេញក្រោន ៩នាក់ វិសាខា ៧នាក់ ក្លឹបសៀមរាប ២នាក់ ក្លឹបមីស្ទើរលេង ម្នាក់ និងម្នាក់ទៀតមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះ វគ្គជម្រុះពូល G AFC Women's Asian Cup Australia 2026 Qualifiers ក្រុមជម្រើសជាតិនារីកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមនារី ហ្គាំ (Guam) នាថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងការប្រកួតជម្រុះប្រចាំពូល G គឺក្រុមនារីកម្ពុជា ជាម្ចាស់ផ្ទះ ជាមួយ៣ក្រុមផ្សេងទៀត រួមមាន ហ្វីលីពីន ហុងកុង និងអារ៉ាប់ប៊ីសាវអូឌីត។ សម្រាប់៣ប្រកួតរបស់ម្ចាស់ផ្ទះកម្ពុជា ប្រកួតទី១ ក្រុមនារីកម្ពុជាត្រូវប៉ះជាមួយក្រុមហុងកុង វេលាម៉ោង ១៩:០០ ថ្ងៃទី២៩ ខែមិថុនា ២០២៥, ប្រកួតទី២ ក្រុមកម្ពុជាប៉ះក្រុមហ្វីលីពីន វេលាម៉ោង ១៩:០០ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ និងប្រកួតទី៣របស់ក្រុមនារីកម្ពុជាត្រូវប្រកួតប្រជែងជាមួយក្រុមអារ៉ាប់ប៊ីសាវអូឌីត នាវេលាម៉ោង ១៩:០០ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នារី ពានរង្វាន់ទ្វីបអាស៊ី នៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ (ជុំផ្តាច់ព្រ័ត្រ) AFC Women's Asian Cup Australia 2026 Qualifiers គឺមាន៣៤ក្រុមចូលរួមត្រូវបានបែងចែកជា៨ពូល ក្នុងនោះមានតែពូល A និងB ប៉ុណ្ណោះ ដែលមាន៥ក្រុមដូចៗគ្នា ខណៈ៦ពូលផ្សេងទៀតមាន៤ក្រុមស្មើៗគ្នា។ បន្ទាប់ពីមានការប្រកួតប្រជែងបានបញ្ចប់នៃពូលទាំង៨ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង៨ ស្មើនឹង៨ក្រុមនឹងបានឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រ នៅប្រទេសអូស្រាលី នាឆ្នាំ២០២៦ ជាមួយ៤ក្រុមដែរឈររង់ចាំនៅជុំផ្តាច់ព្រ័ត្រ (សរុប១២ក្រុម) គឺម្ចាស់ផ្ទះ អូស្រ្តាលី ចិន កូរ៉េខាងត្បូង និងជប៉ុន ដែលក្រុមចិន ជាក្រុមជើងឯក កូរ៉េខាងត្បូង ជើងឯករង និងជប៉ុន ចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០២២ កន្លងទៅ៕

ដោយ ហេង ណាលីន (រូបភាព៖ ឯកសារ FFC)





