កម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េត្រូវការច្រើនពីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- កម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ ត្រូវការច្រើនពីកម្ពុជា ខណៈខេត្ដចូឡាណាំដូនៃសាធារណរដ្ឋកូរ៉េ កំពុងអំពាវនាវស្វែងរកកម្លាំងពលកម្មក្នុងវិស័យនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម គីម យ៉ុងរុក (Kim Yung-rok) អភិបាលខេត្តចូឡាណាំដូ (Jeollanam-do) សាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងបំណងចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា រាជធានីភ្នំពេញ ក្រោមការដឹកនាំដ៏ឈ្លៀសវៃស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនឹងទទួលបានការកោតសរសើរ និងអបអរសាទរពីកម្រិតជាតិ និងអន្តរជាតិក្រោយកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា "ខេត្ដចូឡាណាំដូកូរ៉េចង់ចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងភ្នំពេញ ខ្ញុំនិងស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំឯកសារផ្សេងៗ ត្រៀមខ្លួនបន្ដកិច្ចសហការដ៏ល្អជាមួយគ្នារវាងខេត្ត ចូឡាណាំដូ និងរាជធានីភ្នំពេញ បន្ថែមលើទីក្រុងចំនួន៣របស់ប្រទេសកូរ៉េខាងត្បូងរួចហើយ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំង២ផងដែរ"។

ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលរាជធានីបានថ្លែងអំណរគុណដល់គណៈប្រតិភូខេត្ត ចូឡាណាំដូ ក៏ដូចសាធារណរដ្ឋកូរ៉េទាំងមូល ដែលបានទទួលយកពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េកន្លងមកជាង៤៦០០០នាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញសូមចូលរួមអបអរសាទរឯកឧត្ដម Lee Jae myung ដែលទើបបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃសាធារណរដ្ឋកូរ៉េហើយ ខ្ញុំសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្ដមអភិបាលខេត្តចូឡាណាំដូ នៅរាជធានីភ្នំពេញនាពេលនេះនឹងជួយជំរុញឱ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត នៅពេលកម្ពុជា មានច្បាប់វិនិយោគប្រកបដោយការអនុគ្រោះ។
ឯកឧត្ដម គីម យ៉ុងរុក បានបញ្ជាក់ថា រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពិតជាបានខិតខំអភិវឌ្ឍរបស់រាជធានីភ្នំពេញឱ្យមានការរីកចម្រើនលឿន និងឆាប់រហ័ស រហូតដល់សព្វថ្ងៃយ៉ាងពិប្រាកដមែន។ នេះបើធៀបកាលពីមុនខ្ញុំធ្លាប់មកលេងទីក្រុងភ្នំពេញ មិនទាន់មានការអភិវឌ្ឍលឿនបែបនោះទេ៕
ដោយ សួស សំរិត





