ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េបានសម្ដែងនូវមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ល្អរវាងប្រទេសទាំងពីរ នាពេលកន្លងមក ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ដល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងតួកគីយ៉េ និង កម្ពុជា។ ក្នុងន័យនេះ, ឯកឧត្តមបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន, ស៊ីជម្រៅ និង ទូលំទូលាយ បន្ថែមទៀតលើវិស័យជាច្រើន ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មីប្រចាំកម្ពុជា និង បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាភាពជាដៃគូរកម្ពុជា-តួកគីយ៉េ។ សម្ដេចធិបតីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំ, ស៊ីជម្រៅ និង រីកចម្រើនបន្ថែមទៀត។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតតួកគីយ៉េ ក៏បានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតលើវិស័យសំខាន់ រួមមាន៖ សេដ្ឋកិច្ច វិនិយោគ និង ពាណិជ្ជកម្ម, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងបរិស្ថាន ជាដើម។
មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និង ស៊ីជម្រៅបន្ថែមទៀត៕

ដោយ៖ គង់ សិរីរ័ត្ន





