ឯកឧត្តម ឯក វណ្ណឌី ប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតប្រជែងសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដោយពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ» នៅទីស្តីការក្រសួងប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សរុបប្រមាណ ៣០០នាក់។

ការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ ទេពកោសល្យក្នុងការសរសេរ ការវិភាគលើបញ្ហា ការដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយលើការការពារបរិស្ថានសមុទ្រ ព្រមទាំងអាចស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍។ សំបុត្រដែលបេក្ខជនបានផ្ញើចូលរួមប្រកួតប្រជែងមានសរុបចំនួន ២ ១០២សំបុត្រ តាមរយៈសេវាប្រៃសណីយ៍ មកពី ២៩សាលារៀន និង ២៥ រាជធានី ខេត្ត។ គណៈកម្មការបានធ្វើកំណែវាយតម្លៃដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនទាំងអស់ ដោយសម្រេចជ្រើសរើសសំណេរមានខ្លឹមសារល្អជាងគេ និងសម្ភាសន៍ផ្ទាល់អំពីអត្ថន័យនៃសំបុត្រ និងការយល់ដឹងទូទៅពាក់ព័ន្ធនឹងការការពារបរិស្ថានសមុទ្ររបស់បេក្ខជនម្នាក់ៗ។

ជាលទ្ធផល គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប។ សម្រាប់សំណេររបស់បេក្ខជនជ័យលាភីលេខ១ គណៈកម្មការបានជ្រើសរើសជាតំណាងរបស់កម្ពុជា និងបានផ្ញើទៅចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែងពីបណ្ដាប្រទេសសមាជិកចំនួន១៩២ នៅលើពិភពលោក ហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុង ខែតុលា ឆ្នាំ២០២៥ ខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងលើកទឹកចិត្តដល់ក្មួយៗជ័យលាភីទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត។ វិស័យប្រៃសណីយ៍មានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅលើពិភពលោក ដោយបានដើរតួនាទីសំខាន់ក្នុងការទំនាក់ទំនងគ្នាទាំងក្នុងទីក្រុង និងជនបទ អស់ជាង ១៥០ឆ្នាំមកហើយ។ តាមរយៈការប្រកួតប្រជែងនេះ ឯកឧត្តម រដ្ឋលេខាធិការ មានសង្ឃឹមជឿជាក់ថា សិស្សានុសិស្សទាំងអស់ពិតជាបានយល់ដឹងពីវិស័យប្រៃសណីយ៍ និងបានទទួលចំណេះដឹង បទពិសោធន៍ល្អៗ ដែលជួយដល់ការបង្កើនសមត្ថភាព ការស្រាវជ្រាវ ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួតប្រជែងដទៃទៀត ទាំងក្នុងប្រទេស និងអន្តរជាតិ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន ជ័យលាភីលេខ១ សិស្សឈ្មោះ ប៉ូ មុនីណាតាលី ភេទស្រី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ភ្នំពេញ ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃ ១ កាបូប១ ថវិកាចំនួន ៤ ០០០ ០០០ រៀល ជ័យលាភីលេខ២ សិស្សឈ្មោះ ភោគ បុញ្ញតា ភេទស្រី មកពីសាលា បញ្ញាសាស្រ្តអន្តរជាតិ សាខាទី៣ ខេត្តកណ្តាល ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃ ១ កាបូប១ ថវិកាចំនួន ២ ០០០ ០០០ រៀល ជ័យលាភីលេខ៣ សិស្សឈ្មោះ ស្រឿង ស្រីគីម ភេទស្រី មកពីវិទ្យាល័យតាមាង ខេត្តកំពង់ចាម ទទួលបានមេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូប១ ថវិកាចំនួន ១ ០០០ ០០០ រៀល និង ជ័យលាភី Top10 ទទួលបានវិញ្ញាបនបត្រ១ សៀវភៅតែមប្រិ៍ចំនួន១ កាបូប១ ថវិកាចំនួន ៥០០ ០០០ រៀល៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





