លោក ឃន ចាន់ថៃ អញ្ជើញសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែ នៅឃុំក្រវ៉ា
AKP កំពង់ធំ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥-- លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានអញ្ជើញជួបសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែ ប្រវែង៥៣០០ម៉ែត្រ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

លោក ឃន ចាន់ថៃ បានលើកឡើងថា កន្លងមកផ្លូវ១ខ្សែនេះមានការលំបាកខ្លាំងក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សា។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត/ស្រុកនិងបងប្អូនប្រជាពលរដ្ឋបានជួយកសាងផ្លូវលំ១ខ្សែនេះឱ្យបានស្អាត និងមានគុណភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ដឹកកសិផលយកទៅលក់នៅទីផ្សារបានទាន់ពេលវេលា ជាពិសេសគឺងាយស្រួលសម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រនៅសាលារៀនផងដែរ។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវលំ១ខ្សែនេះឱ្យបានគង់វង្ស ប្រសិនបើមានការខូចខាតសូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ចៀសវាងកុំឱ្យមានការខូចខាតធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ផ្លូវលំ១ខ្សែត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះមានប្រវែង៥៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ ចូលរួមកសាងដោយលោក កូវ គឹមលាង និងបងប្អូនប្រជាពលរដ្ឋភូមិចារ និងភូមិព្រៃរលាបឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕


ដោយ ស៊ុម វណ្ណា





