ឯកឧត្តម ទេព អស្នារិទ្ធ ស្វាគមន៍ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលប្រកាសពីការទទួលសិស្ស និស្សិតឱ្យចូលហាត់ការ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានស្វាគមន៍ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលបានប្រកាសពីការទទួលសិស្ស និស្សិតឱ្យចូលហាត់ការដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍លើការងារព័ត៌មាននៅស្ថាប័នព័ត៌មានរបស់ជាតិមួយនេះ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ដូចនេះធ្វើឡើងក្នុងឱកាសនៃពិធីបិទវគ្គចុះកម្មសិក្សារបស់សិស្សនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅតាមអគ្គនាយកដ្ឋានជំនាញនៃក្រសួងព័ត៌មានសរុបចំនួន៤០អង្គ/នាក់ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងបញ្ជាក់ថា នេះគឺអាចនិយាយបានថាជាការស្វាគមន៍យ៉ាងពិសេសពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ក្នុងការផ្តល់ឱកាសនៃការហាត់ការសម្រាប់សិស្ស និស្សិត ដែលកំពុងសិក្សា និងនៅក្រោយការសិក្សានេះក៏ដោយសារតែយើងបានផ្តល់នូវសារៈសំខាន់ពីការចែករំលែកចំណេះដឹង និងបទពិសោធន៍ជូនសិស្ស និស្សិតនៅក្នុងក្របខ័ណ្ឌនៃការអនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានលើការអភិវឌ្ឍ ឬការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ទីផ្សារនៃវិស័យព័ត៌មាន និងសោតទស្សន៍ ដែលក្នុងរយៈពេល១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំទៅមុខទៀត ពិតណាស់ក្រសួងនឹងត្រូវការនូវអ្នកបន្តវេន។ ឯកឧត្ដមបានបន្ដថា ដូច្នេះហើយយើងត្រូវបណ្តុះពន្លកថ្មីឱ្យកើតឡើងមកហើយខ្លាំងដើម្បីបន្តវេន។

ឯកឧត្តមអ្នកនាំពាក្យបានបន្តទៀតថា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) គឺជាទីភ្នាក់ងារសម្រាប់ការចែកចាយព័ត៌មានរបស់រដ្ឋ ដែលមិនត្រឹមផ្សព្វផ្សាយតែនៅក្នុងប្រទេសតែប៉ុណ្ណោះទេ តែបានផ្សព្វផ្សាយទៅកាន់ពិភពលោកថែមទៀតផង ខណៈដែល AKP បានចុះកិច្ចព្រមព្រៀងធ្វើជាដៃគូសហការជាមួយបណ្តាទីភ្នាក់ងារសារព័ត៌មានបរទេសធំៗមួយចំនួនរួចមកហើយនោះ។ ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានលើកឡើងថា ដូច្នេះការដែលប្អូនៗជាសិស្សនិស្សិតបានចូលមកធ្វើការហាត់ការនៅ AKP នេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលបាននូវចំណេះដឹង និងបទពិសោធន៍នានាលើការការងារព័ត៌មាន និងសោតទស្សន៍ ដែលអាចក្លាយជាមូលធនមនុស្ស ឬជាអ្នកបន្តវេនក្នុងវិស័យនេះបានសម្រាប់ពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក៏បានអំពាវនាវទៅដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏ដូចជាសាធារណជនទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះព័ត៌មានក្លែងក្លាយគ្រប់ប្រភេទ ដោយកុំជឿ និងទុកចិត្តពេកចំពោះព័ត៌មានដែលគេបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ព្រោះព័ត៌មាន ឬក៏ដំណឹងទាំងនោះភាគច្រើនបំផុត គឺជាព័ត៌មាន ឬក៏ជាដំណឹងក្លែងក្លាយ អាចនាំឱ្យយើងជួបនូវមហន្តរាយណាមួយជាយថាហេតុបាន។ ឯកឧត្តមបានបន្ថែមថា ការប្រយុទ្ធប្រឆាំងចំពោះព័ត៌មានក្លែងក្លាយនេះក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីកាត់បន្ថយ និងលុបបំបាត់ព័ត៌មានក្លែងក្លាយនេះ ក្នុងនោះ មហាជនក៏ជាចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារនេះផងដែរ។

សូមជម្រាបជូនថា ក្រោយពីបានចុះធ្វើកម្មសិក្សារយៈពេល៤ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅតាមអគ្គនាយកដ្ឋានជំនាញនានារបស់ក្រសួងព័ត៌មាន សិស្ស និស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបង្ហាញនូវអារម្មណ៍រីករាយ ដោយបានឃើញដោយផ្ទាល់ភ្នែកនូវសកម្មភាពការងារ របស់មន្ត្រីនៅក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) ហើយថាពួកគេពិតជាមានចិត្តចង់ធ្វើការងារបែបនេះដោយរីករាយ៕



ដោយ៖ ចាន់ សុភឿន រូបថត៖ សួស សាវី





