ពិធីក្រុងពលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអន្តេវាសិកដ្ឋាន សម្រាប់និស្សិតស្ត្រីក្រីក្រ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្ត្រីដែលមានជីវភាពខ្វះខាតមកពីបណ្តាខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួង និងមន្ទីរកិច្ចការនារី សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សហគ្រិនស្ត្រី សរុបប្រមាណ២៥០នាក់។

អគារអន្តេវាសិកដ្ឋាននេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ នឹងប្រគល់ជូនក្រសួងកិច្ចការនារី ក្រោយការសាងសង់។ ផ្ទៃដីនៃការសាងសង់មានប្រមាណ២ហិកតា អគារទំហំ៨៨៥៦ម៉ែត្រការ៉េ ជាអគារ១ខ្នង កម្ពស់៤ជាន់ មានបន្ទប់ស្នាក់នៅចំនួន១២៦បន្ទប់ ជាន់ផ្ទាល់ដីមាន ប៉ុស្តិ៍សុខភាព រដ្ឋបាល និងលំហជួបជុំ គ្រោងនឹងចំណាយពេលសាងសង់រយៈពេល១៨ខែ ជាថវិកាផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។

តាងនាមក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនស្រ្តី និងក្មេងស្រីនៅទូទាំងប្រទេស តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងអនុត្តរភាពរបស់ស្រ្តីនៅគ្រប់វិស័យ ដើម្បីឱ្យពួកគេក្លាយជាមូលធនមនុស្ស និងមូលធនសង្គមដ៏មានតម្លៃ ព្រមទាំងជាតួអង្គប្រកបដោយសក្តានុពល និងបុរេសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ សំដៅរួមចំណែកកសាងភាពសុខុដុមរមនាក្នុងគ្រួសារ និងសង្គមជាតិ។

អន្តេវាសិកដ្ឋាននេះ មិនត្រឹមតែជាទីកន្លែងសម្រាប់ស្នាក់នៅប្រកបដោយសុវត្ថិភាព សម្រាប់និស្សិតជាស្ត្រី ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពាន និងជម្រកនៃក្តីសង្ឃឹមសម្រាប់ស្ត្រីឱ្យឈានទៅសម្រេចនូវក្តីសុបិន្ត និងបំណងប្រាថ្នារបស់ពួកគេនាពេលអនាគតផងដែរ។ អន្តេវាសិកដ្ឋាននេះក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងអនុត្តរភាពស្រ្តី និងក្មេងស្រី តាមរយៈការទទួលបានការអប់រំកម្រិតខ្ពស់ អភិវឌ្ឍជំនាញ ដើម្បីត្រៀមខ្លួនរួចជាស្រេច ជាភ្នាក់ងារដ៏សកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





