បទយកការណ៍៖ សារមន្ទីរតេជោសន្តិភាពបង្ហាញពីប្រវត្តិដ៏ជូរចត់នៃសង្គ្រាម និងការស្វែងរកសន្តិភាពនៅកម្ពុជា
AKP សៀមរាប ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥
សារមន្ទីរតេជោសន្តិភាព មានទីតាំងស្ថិតនៅក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាបនៅលើផ្ទៃដីប្រមាណជា១៦ហិកតា ដែលបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ខាងមុខនេះ។

បើគិតមកដល់ពេលនេះ ជាលទ្ធផលការសាងសង់សារមន្ទីរតេជោសន្ដិភាព គឺសម្រេចបានជាង៦០ ភាគរយហើយ និងការសាងសង់សារមន្ទីរនេះរួចរាល់ ហើយដែលបើកដាក់ឱ្យដំណើរការជាផ្លូវការនោះ នឹងជួយចូលរួមចំណែកក្នុងភាពទាក់ទាញទេសចរអន្តរជាតិដែលចូលមកទស្សនានៅតាមប្រាសាទនានាក្នុងខេត្តសៀមរាប ជាពិសេស នេះក៏ជាផ្នែកមួយដែលភ្ញៀវទេសចរចង់ចូលទស្សនា សារមន្ទីរនេះផងដែរ។

បើតាមមន្រ្ដីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានឱ្យដឹងថា ដោយបានគិតគូរជាគំនិតផ្ដួចផ្ដើមរៀបចំសារមន្ទីរតេជោសន្តិភាពនេះ ចាប់តាំងពីឆ្នាំ២០០៥ នៅលើផ្ទៃដីប្រមាណជា១៦ហិកតា និងបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ។ សំណង់អគារសារមន្ទីរនេះ ត្រូវចែកជាពីរ ដោយសំណង់មួយ គឺជាការជួយគាំទ្រហិញ្ញាប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ហើយការសាងសង់អគាររាងគ្រាប់មីនដែលធំជាងគេបំផុតនៅក្នុងពិភពលោក ដែលមានទទឹងជាជ្រុង គឺមានប្រវែង១០៨ម៉ែត្រ គុណនឹង១០៨ម៉ែត្របួនជ្រុង។

ចំណែកអគារខាងលើជារាងគ្រាប់មីន មានទទឹង៥៨ ជារាងគ្រាប់មីនប្រឆាំងមនុស្ស ដែលអាចជាតំណាងនៃការបោសសម្អាតរំដោះផ្ទៃដីដោយសារបញ្ហាគ្រាប់មីនប្រឆាំងមនុស្សនៅកម្ពុជា ប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះ។

ចំពោះមួយផ្នែកទៀត គឺការទទួលខុសត្រូវរបស់អង្គភាពស៊ីម៉ាក់តែម្តង ហើយអគារដែលរដ្ឋាភិបាលជប៉ុនគាំទ្រនោះ ត្រៀមនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ តាមផែនការគឺនៅក្នុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា ការរៀបចំសារមន្ទីរតេជោសន្តិភាពនេះ គឺសំដៅសំខាន់ទៅលើការបញ្ជាក់ជូនអំពីប្រវត្តិសង្គ្រាមអំពីការជូរចត់នៃសង្គ្រាម និងការអភិវឌ្ឍក្រោយពេលសង្គ្រាមត្រូវបានបញ្ចប់។ ឯកឧត្ដមបានលើកឡើងថា អគារដែលគាំទ្រដោយរដ្ឋាភិបាល ជប៉ុននោះ គឺជាអគារដែលយើងចង់ដាក់បង្ហាញពីរឿងទាក់ទងទៅនឹងបញ្ហាសង្គ្រាម និងការអភិវឌ្ឍ ហើយអគារដែលស៊ីម៉ាក់ធ្វើនេះសំដៅទៅលើគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់ពីសង្គ្រាមជាឧបសម្ព័ន្ធ ជាទីតាំងបន្ថែមភ្ជាប់ទៅនឹងទីតាំងអគាររាងគ្រាប់មីននោះ។ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា៖ «អគារដែលស៊ីម៉ាក់កសាង គឺមាន៣អគារធំៗ គឺអគារទីមួយហៅថា ជាអគារអដ្ឋកោន ដែលយើងមានទំហំជាង២០០ម៉ែត្រ ដែលជាអគារធំជាងគេនៅក្នុងការរៀបចំដាក់តាំងបង្ហាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទ។ ហើយអគារទីពីរគឺ យើងហៅថា ជាអគារអាវុធធុនស្រាល ដែលជាអគារដាក់បង្ហាញនូវប្រភេទអាវុធធុនស្រាលរបស់ប្រើប្រាស់នៅក្នុងសង្គ្រាមសំណល់ពីសង្គ្រាមមក។ អគារទី៣ គឺសំដៅទៅលើអគារតាំងបង្ហាញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលយើងស្រង់បានពីបាតទន្លេ និងបាតសមុទ្រ នៃព្រះរាជាណាចក្ររបស់យើង ហៅថា អគារតាំងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះលិចនៅបាតទន្លេនិងបាតសមុទ្រ»។

ជាមួយគ្នានេះ ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាលក៏បានថ្លែងបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណឹងយើងមានអគារតាំងបង្ហាញពីលេណដ្ឋានប្រយុទ្ធមួយចំនួនទៀតទៅលើភាពជាក់ស្តែងដែលយើងបានជួបប្រទះ នៅក្នុងសម័យសង្គ្រាមក្នុងប្រទេសយើង ហើយក៏មានទីតាំងចំហមួយចំនួនទៀតដែលយើងដាក់បង្ហាញអំពីគ្រឿងចក្រកម្ទេចមីនដែលយើងប្រើបច្ចេកវិទ្យាដែលយើងបានប្រើប្រាស់សម្រាប់សកម្មភាពកម្ចាត់មីន ក៏ដូចជានាវាដែលយើងបានស្រង់ពីបាតទន្លេមក។ «រាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺយើងប្រមូលបានពីកិច្ចប្រតិបត្តិការបោសរបស់យើង ហើយបានកប់បន្សាបសុវត្ថិភាពទាំងអស់ហើយ យើងមានទីតាំងកាត់បន្សាបនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីននៅខេត្តកំពង់ឆ្នាំង ទើបយើងអាចយករបស់ទាំងអស់នេះយកមកដាក់តាំងបាន។ យើងបានរក្សាទុកដើម្បីត្រៀមដាក់តាំងនៅក្នុងសារមន្ទីរ កន្លែងយើងសាងសង់រួចមានភ្ញៀវចូលមកទស្សនាជាបន្តបន្ទាប់ ជាពិសេសភ្ញៀវអន្តរជាតិ និងក្មួយៗសិស្សានុសិស្សក៏បានបញ្ជូនមកទស្សនកិច្ចផងដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

ឯកឧត្តម ហេង រតនា បានឱ្យដឹងទៀតថា សារមន្ទីរតេជោសន្តិភាព គឺមានគោលបំណងសំខាន់ពីរធំ គឺទីមួយគឺការជំរុញលើកកម្ពស់សន្តិភាពនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់ និងនៅក្នុងពិភពលោក ដែលចង់និយាយអំពីសន្តិភាពមានសារៈសំខាន់សម្រាប់មនុស្ស សត្វ រុក្ខជាតិ បរិស្ថានទូទៅ ហើយជាពិសេសសម្រាប់ប្រទេសដែលរងផលប៉ះពាល់ដោយសារសង្គ្រាមកន្លងមក។ ចំណុចទីពីរនៃសារមន្ទីរតេជោសន្តិភាព ក៏យើងបង្ហាញអំពីប្រវត្តិនៃសង្គ្រាម ដែលកើតឡើងនៅកម្ពុជា ព្រោះបើគេមិនយល់អំពីផលលំបាក និងទុក្ខសោកនាដកម្មដោយសង្គ្រាមទេ ប្រហែលជាគេមិនសូវជាយល់អំពីពាក្យសន្តិភាពទេ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា នេះហើយដែលជាកត្តាពីរដែលយើងគិតថាវាមានសារៈសំខាន់ ហើយកត្តាទាំងពីរនេះ ជំរុញឱ្យមានការផ្សព្វផ្សាយដល់យុវជនស្រករក្រោយទៀតបានយល់ដឹង និងឈ្វេងយល់ បើពួកគេចង់យល់អំពីតម្លៃនៃសន្តិភាពជាពិសេសឈ្វេងយល់អំពីសោកនាសកម្មនៃសង្គ្រាមគេអាចមកសារមន្ទីរតេជោសន្តិភាព គេអាចយល់កាន់តែច្បាស់បន្ថែមទៀត។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ក៏បានជម្រាបជូនផងដែរ ជាហូរហែមកយើងបានទទួលការចាប់អារម្មណ៍ខ្លាំងពីបណ្តាទេសចរអន្តរជាតិ ជាពិសេសពីបណ្ដាប្រទេសជឿនលឿនដូចមកពីអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ជាដើម មានការចាប់អារម្មណ៍អំពីប្រវត្ថិសាស្ត្រនៃសង្គ្រាមសម័យទំនើបនៅប្រទេសរបស់យើងដែលទើបតែបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឯកឧត្ដមបានបន្ដថា ពួកគេតែងតែលើកឡើង និងចង់ឈ្វេងយល់លម្អិតអំពីប្រវត្តិសង្គ្រាមនៅកម្ពុជា អំពីសោកនាសកម្មសង្គ្រាម ចំពោះប្រជាពលរដ្ឋកម្ពុជា ក៏បានឆ្លងកាត់សង្គ្រាមជាង៣០ឆ្នាំនេះ ជាពិសេសក៏ចង់ឈ្វេងយល់បន្ថែមទៀត ក្រោយសង្គ្រាមត្រូវបានបញ្ចប់បញ្ហាអាវុធជាតិផ្ទុះសំណល់ សង្គ្រាមនៅតែបន្តយាយីដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង។ ឯកឧត្តម ហេង រតនា បានឱ្យដឹងផងដែរថា ចំពោះការសាងសង់សារមន្ទីរតេជោសន្តិភាពនៅក្នុងខេត្តសៀមរាបនេះ គឺមានការចាប់អារម្មណ៍ខ្លាំងដោយសារតែទីមួយទីតាំងនេះ គឺជាចំណុចកណ្ដាលមួយនៃតំបន់ប្រវត្តិសាស្ត្ររបស់យើង តាំងពីប្រវត្តិសាស្ត្រសម័យបុរាណ ក៏ដូចជាបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាមដែរ។

ឯកឧត្ដមបានលើកឡើងទៀតថា បណ្តាខេត្តជុំវិញនេះ មិនថា តែខេត្តសៀមរាបតែមួយទេ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ឧត្តរមានជ័យ ខេត្ដបន្ទាយមានជ័យសុទ្ធតែជាតំបន់ដែលរងការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះច្រើន ខណៈឥឡូវវាជាមជ្ឈមណ្ឌលមួយដែលគេចង់ទៅមើលការបោសសម្អាតមីន ឬគ្រាប់នៅខេត្តក្រចេះ ឬក៏ទៅខេត្តព្រះវិហារ ក៏យើងងាយចាត់ចែងដែរ។ ឯកឧត្ដមអគ្គនាយកបានបន្ថែមទៀតថា ឥឡូវនេះយើងកំពុងអនុវត្តន៍ផែនការយុទ្ធសាស្ត្របន្តទៅទៀតក្នុងរយៈពេល១០ឆ្នាំ ដោយកំពុងតែរៀបចំផែនការយុទ្ធសាស្ត្រ២០២៦-២០៣០ និង២០២៦-២០៣៥ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្ត ទាំងកម្លាំងជំនាញ បេសកកម្មសំខាន់ៗ ដែលយើងត្រូវបំពេញ ក៏ដូចជាការងារទំនាក់ទំនងអន្តរជាតិ ដែលយើងចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើសកម្មភាពគាំទ្រដល់បណ្តាប្រទេសដែលមានបញ្ហាគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាមត្រូវបានបញ្ចប់។

ឯកឧត្ដម ហេង រតនា ក៏បានអះអាងផងដែរថា៖ «ដែលបញ្ហានេះ យើងមានបទពិសោធន៍ច្រើន ទោះបីជាប្រទេសយើងបានបញ្ចប់សង្គ្រាមប្រមាណជាង២៥ឆ្នាំ ឬ២៦ឆ្នាំ ហើយ ប៉ុន្តែយើងនៅតែប្រឈមមុខនឹងការលំបាកនៅឡើយ ហើយប្រទេសណាក៏នឹងប្រឈមមុខដូចតែគ្នា នឹងអាចមានបញ្ហាធំជាងយើងមួយចំនួនទៀត ដូចជាករណីសង្គ្រាមនៅអ៊ុយក្រែននៅមជ្ឈិមបូព៌ា។នេះសុទ្ធតែបង្ហាញឱ្យឃើញនូវការប្រើប្រាស់អាវុធគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលនៅសេសសល់ក្រោយ សង្គ្រាមនឹងបន្តសម្លាប់ជនជាតិទាំងនោះក្នុងរយៈពេលវែង ហើយអាចថាពិសោធន៍កម្ពុជាក៏អាចចូលរួមទប់ស្កាត់ក្នុងការបាត់បង់ជីវិតជនស៊ីវិលច្រើនដែរ»។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសប្រជាពលរដ្ឋនៅខេត្តសៀមរាប និងអ្នករស់នៅក្នុងមូលដ្ឋាននេះស្រាប់ បើមានពេលវេលាសូមអញ្ជើញមកទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព ដោយយើងសប្បាយរីករាយ និងស្វាគមន៍គ្រប់ពេលវេលា៕

ដោយ៖ ឃុត សៅ





