មន្ទីរកសិកម្មខេត្តកំពង់ធំណែនាំស្ដីពីវិធានការដើម្បីសង្គ្រោះសត្វនៅក្នុងពេលមានគ្រោះទឹកជំនន់
AKP កំពង់ធំ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំកាលពីពេលថ្មីៗកន្លងទៅនេះបានចេញសេចក្តីណែនាំស្តីពីវិធានការដើម្បីសង្គ្រោះសត្វ នៅក្នុងពេលមានទឹកជំនន់។

សេចក្ដីណែនាំមានខ្លឹមសារថាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សូមជម្រាបជូនប្រជាកសិករ អ្នកចិញ្ចឹមសត្វទាំងអស់ ជាពិសេសអ្នកចិញ្ចឹមសត្វគោ ក្របី ថា៖ នៅរដូវវស្សា បន្ទាប់ពីមានភ្លៀងធ្លាក់បន្តបន្ទាប់ជាប្រចាំកន្លងមក នេះបានបណ្តាលឱ្យកម្ពស់ទឹកស្ទឹងសែន មានការកើនឡើងខ្លាំងដល់កម្រិតមួយគួរឱ្យកត់សម្គាល់។

ដូចនេះដើម្បីត្រៀមជួយសង្គ្រោះសត្វ ក្នុងពេលទឹកជំនន់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សូមធ្វើការណែនាំនូវវិធានការមួយចំនួនដល់ប្រជាកសិករ អ្នកចិញ្ចឹមសត្វទាំងអស់ដូចជា៖ ១- ត្រូវជម្លៀសសត្វទៅកាន់ទីទួលសុវត្ថិភាពដែលអាជ្ញាធរ និងមន្ត្រីជំនាញបានកំណត់ជាតំបន់ទីទួលសុវត្ថិ ភាពនៅតាមមូលដ្ឋានភូមិ ឃុំនីមួយៗ។ ២- មិនត្រូវលែងសត្វឱ្យដើរស៊ីដោយសេរី ដែលករណីអាចនឹងបង្កគ្រោះថ្នាក់ដល់សត្វជាយថាហេតុ។ ៣- ត្រូវរៀបចំត្រៀមចំណី ដូចជាចំបើង ស្មៅស្ងួតសម្រាប់ផ្តល់ឱ្យសត្វស៊ី និងផ្តល់ទឹកឱ្យសត្វផឹកបានគ្រប់គ្រាន់ព្រមទាំងធ្វើអនាម័យសត្វ និងសម្ភារដាក់ចំណី និងទឹកជាប្រចាំ។ ៤- ករណីមានសត្វឈឺត្រូវបំបែកសត្វឈឺចេញពីសត្វជា រួចធ្វើការទំនាក់ទំនងទៅភ្នាក់ងារសុខភាពសត្វ ភូមិ និងរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំជាបន្ទាន់ ដើម្បីជួយអន្តរាគមន៍ និងមានវិធានការបន្ត។ ៥- មិនត្រូវប៉ះពាល់ បរិភោគសត្វឈឺ និងហាមជាដាច់ខាតនូវការទិញ លក់ ឬចរាចរណ៍សត្វឈឺនិងស្លាប់ ដោយសារជំងឺ ដោយត្រូវកប់ ឬដុតកម្ទេចចោល។ ៦- ករណីបន្ទាន់ផ្សេងៗ ដែលពាក់ព័ន្ធនឹងការជួយសង្គ្រោះសត្វឈឺ ត្រូវធ្វើការទំនាក់ទំនងទៅភ្នាក់ងារសុខ ភាពសត្វភូមិ នៅជិតបំផុត ឬអាជ្ញាធរភូមិ ឃុំនិងក្រុមអន្តរាគមន៍បសុពេទ្យចុះជួយសង្គ្រោះសត្វរបស់ការិយាល័យ ផលិតកម្ម និងបសុព្យាបាល។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សង្ឃឹមថាបងប្អូនប្រជា កសិករ អ្នកចិញ្ចឹមសត្វទាំងអស់នឹងចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ៕
ដោយ ស៊ុម វណ្ណា





