ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញប្រកាសមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោមនៃខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុងកំពង់សោម ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយកនាយករងរដ្ឋបាលសាលាក្រុង ប្រធាន អនុប្រធានការិយាល័យ មន្រ្តីរាជការចំណុះរដ្ឋបាលក្រុងកំពង់សោម កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ ស្មៀន មេភូមិ ព្រមទាំងសមាជិក សមាជិកា នៅសាលាក្រុងកំពង់សោមបណ្តោះអាសន្ន នាព្រឹកថ្ងៃសុក្រទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានអបអរសាទរចំពោះលោក លោកស្រីទាំង២៧រូប ដែលត្រូវបានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) សម្រេចធ្វើសមាហរណកម្មមន្រ្តីរាជការ និងរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះ សីហនុ តាមសេចក្តីសម្រេចលេខ០៥៥ សសរ/គ.ជ.អ.ប ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសដ៏ល្អប្រពៃនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានផ្តល់ការណែនាំដល់លោក លោកស្រី ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃរដ្ឋបាលក្រុងកំពង់សោមអំពីកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ បន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះសម្រាប់បង្កបរិយាកាសដល់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សំដៅអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យប្រកបដោយចីរភាព និងពង្រឹងសុខដុមនីយកម្មក្នុងសង្គម។ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន និងដាក់ចេញនូវវិធានការនានាសំដៅទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរ និងអសន្តិសុខក្នុងសង្គម។ ត្រូវយកចិត្តទុកដាក់អប់រំណែនាំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបំផុសបំផុលការផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗដែលមានចរិតអុចអាលបង្កឱ្យមានហិង្សាក្នុងសង្គម និងខិតខំបំផុសអប់រំប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ ចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់ ក៏ដូចសកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយ។ -ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌សង្គម និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាព។ ជំរុញការចូលរួមអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖ ១.ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមជឿជាក់ថា លោក លោកស្រីនឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែងអនុវត្តតាមតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍក្រុងកំពង់សោមឱ្យកាន់តែមានការរីកចម្រើនសម្រេចបាននូវសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ព្រោះការអភិវឌ្ឍប្រទេសជាតិ គឺចាប់ផ្តើមពីភូមិ ឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត គណ:បញ្ជាការគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាឱ្យមានប្រសិទ្ធភាព យើងត្រូវធ្វើកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងមន្ត្រីល្អបម្រើប្រជាពលរដ្ឋ។ ទន្ទឹមនោះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្ថាប័នតុលាការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ សូមផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុងកំពង់សោម ក្នុងការអនុវត្តតួនាទី ភារកិច្ច បន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផល៕
ដោយ ងូ សុមុនី





