លោក ឡាយ ស៊ីលី៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកគឺដើម្បីស្ដាប់យោបល់ប្រមូលបញ្ហានិងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
AKP កំពង់ធំ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង មានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក គឺដើម្បីស្ដាប់យោបល់ប្រមូលបញ្ហានិងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងឱកាសដែលលោក និងសមាជិកសមាជិកា ព្រមទាំងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចូលរួមក្នុងវេទិផ្សព្វផ្សាយពិគ្រោះយោបល់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤នៅក្នុងឃុំរុងរឿង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅវត្តបទុម។

លោក ឡាយ ស៊ីលី បានមានប្រសាសន៍បន្តថា កាលណាយើងប្រមូលបានកង្វល់និងបញ្ហាជាក់ស្ដែងរបស់ប្រជាពលរដ្ឋហើយយើងបានឆ្លើយតបបានទាន់ពេលវេលា ពិសេសការចូលរួមអភិវឌ្ឍន៍ឱ្យបានតាមតម្រូវការជាក់ស្ដែងក៏ដូចជាការប្រើប្រាស់ថវិកាមូលនិធិឃុំនិងការជួយទ្រទ្រង់ជ្រោមជ្រែងពីក្រុមការងារចុះមូលដ្ឋាននឹងធ្វើឱ្យបញ្ហារបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយយ៉ាងពិតប្រាកដដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមទៅលើការដោះស្រាយបញ្ហា និងកង្វល់ជូនពលរដ្ឋនៅក្នុងឱកាសនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវកៅស៊ូថ្មីក៏ដូចជាផ្លូវនានានៅក្នុងមូលដ្ឋានត្រូវថែរក្សាផ្លូវនិងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលបានកសាងជូន ជាពិសេសមិនត្រូវរំលោភដីចំណីផ្លូវឬចាក់ដីដោយអាណាធិបតេយ្យពុំមានការសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឬចាក់រំលោភលើប្រព័ន្ធរំដោះទឹកដែលជាបញ្ហានាំឱ្យកកស្ទះប្រព័ន្ធលូ ដែលជាហេតុនាំឱ្យជន់លិចភូមិឋាន ឬខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឬប្រព័ន្ធរំដោះទឹកជាដើម។

លោក សាយ គឹមឡម បានណែនាំដល់រដ្ឋបាលឃុំព្រះដំរី និងឃុំរុងរឿង ត្រូវបង្កើនគុណភាពប្រសិទ្ធភាពការងារ និងការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត ហើយអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាខ្ពស់ក្នុងការលុបបំបាត់ ឬបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញៀនឱ្យខាងតែបានព្រោះបញ្ហាទាំងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ៕
ដោយ ស៊ុម វណ្ណា





