ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសារកងទ័ពក្នុងអង្គភាពកងវរសេនាតូចលេខ៤៤៨
AKP កំពង់ធំ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំសហការី រួមជាមួយយោធិននារី ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគជា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារកងទ័ពដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងទីតាំងបន្ទាយកងវរសេនាតូច៤៤៨ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

លោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ ៤៤៨ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ មានជាអាទិ៍ ការត្រៀមបម្រុងកម្លាំងអន្តរាគមន៍ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី ហើយកន្លងមកបានប្រើប្រាស់កម្លាំងប្ដូរវេណ ក្នុងការចូលរួមបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ទទួលបានលទ្ធផលល្អប្រសើរ។
លោកវរសេនីយ៍ទោ ថនស៊ី សក្កា ក៏បានបញ្ជាក់បន្ថែមអំពីស្ថានភាពគ្រួសារកងទ័ព ដែលរស់នៅក្នុងទីតាំងបន្ទាយ ដែលជួបការលំបាកខ្វះខាតជីវភាពប្រចាំថ្ងៃដោយសារត្រូវចិញ្ចឹមបីបាច់កូនច្រើននាក់ ឱ្យរៀនសូត្រ ដោយពឹងផ្អែកតែម្យ៉ាងលើគោលរបបរបស់ស្វាមី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះកងវរសេនាតូចលេខ៤៤៨ ដែលជាកម្លាំងស្នូលក្នុងការអន្តរាគមន៍ ក្នុងភារកិច្ចការពារជាតិ រក្សាសន្តិសុខសណ្ដាប់ក្នុងសង្គម ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា ហើយក៏ជាកម្លាំងស្នូលក្នុងការ អន្តរាគមន៍ ក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមគ្រួសារកងទ័ព ត្រូវគិតគូររកប្រកបមុខរបរបន្ថែម ដើម្បីបានថវិកាបំពេញបន្ថែមក្នុងសេចក្តីត្រូវការគ្រួសារ ជាមួយនោះ ត្រូវយកចិត្តទុកដាក់ក្នុងការដាំបន្លែបង្ការ ចិញ្ចឹមសត្វ នៅលើទីតាំងដីដែលមានស្រាប់នៅក្នុងអង្គភាព និងលំនៅដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនគ្រួសារកងទ័ពចំនួន២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីចំនួន ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





