អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការបង្កើតតំបន់ការពារធម្មជាតិភ្នំទាំង១១កន្លែង សម្រាប់បម្រើវិស័យទេសចរណ៍
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចការរៀបចំបង្កើតតំបន់សក្កានុពលភ្នំចំនួន១១ ជាតំបន់ការពារធម្មជាតិ ដើម្បីពង្រីក និងបម្រើដល់វិស័យទេសចរណ៍ ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុកទាំងអស់ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម អ៊ុ រាត្រី បានមានប្រសាសន៍សង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ ជាពិសេសតំបន់ភ្នំ ដែលជាសក្កានុពលដ៏ធំធេងសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ។ «ការបង្កើតតំបន់ការពារធម្មជាតិភ្នំទាំង១១កន្លែងនេះ គឺមិនត្រឹមតែជាការការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តរបស់យើងផងដែរ។ យើងត្រូវរួមគ្នាអភិវឌ្ឍតំបន់ទាំងនេះឱ្យក្លាយជាគោលដៅទេសចរណ៍គំរូ ដោយធានានូវនិរន្តរភាពបរិស្ថាន និងផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋ»។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ និងបង្កើតឱកាសការងារបន្ថែម តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ ឯកឧត្តមបានណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការរៀបចំ និងអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សូមបញ្ជាក់ថា ឈ្មោះភ្នំទាំង១១ ដែលត្រូវបង្កើតជាតំបន់ការពារធម្មជាតិ រួមមានភ្នំម៉ាឡៃ ភ្នំរាំង ភ្នំវែង ភ្នំទឹកចេញក្នុងស្រុកម៉ាឡៃ ភ្នំតូច ភ្នំបន្ទាយនាង ភ្នំប្រាសាទក្នុងស្រុកមង្គលបូរី ភ្នំកងវ៉ា ភ្នំពង្រ ក្នុងស្រុកសិរីសោភ័ណ ភ្នំជ្រាប់និងភ្នំសេះក្នុងស្រុកព្រះនេត្រព្រះ។ ការសម្រេចបង្កើតតំបន់ការពារធម្មជាតិភ្នំទាំង១១នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅខេត្តបន្ទាយមានជ័យ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព៕
ដោយ ឈុន សារ៉ាត





