តម្លើងកាមេរ៉ាស័្វយប្រវត្តដើម្បីតាមដានសត្វព្រៃនៅទីតាំងអនុវត្តគម្រោងរេដបូក លំផាត់
AKPភ្នំពេញថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៥--
អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)ដែលបានសហការជាមួយដែនជម្រកសត្វព្រៃលំផាត់នៃក្រសួងបរិស្ថាន បាននិងកំពុងតម្លើងកាមេរ៉ាស្វ័យប្រវត្តជាប្រចាំដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីភាពសម្បូរបែប និងវត្តមាននៃប្រភេទថនិកសត្វសំខាន់ៗនៃតំបន់មួយនេះ។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថាកាលពីអំឡុងខែមេសា ឆ្នាំ ២០២៥ ក្រុមការងារជំនាញ បានតម្លើងកាមេរ៉ាចំនួន ១១គ្រឿង ដោយយោងទៅលើពិធីសារអង្កេតតាមដាន។ គួរបញ្ជាក់ថាតាម ទិន្នន័យដែលទទួលបានក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ បានកត់ត្រាសត្វព្រៃចំនួន ១៥ ប្រភេទ ក្នុងនោះរួមមាន: ថនិកសត្វ៖ សត្វខ្ទីង ស្វាកន្ទុយស ស្វាត្រោស ស្វាក្ដាម ឈ្លូស ជ្រូកព្រៃ សំពោចកលឿង សំពោចវល្លិ៍ឬសំពោចតូច ប្រម៉ា ទន្សាយគល់ និងកំប្រុកពោះប្រផេះ។


ចំពោះសត្វសត្វស្លាបមានដូចជា ត្រដក់តូច មាន់ព្រៃ ទទា និងសត្វល្វាចេក។
ដើម្បីបង្កើនវិសាលភាពនៃការអង្កេតតាមដាន កាមេរ៉ាស្វ័យប្រវត្តនិងត្រូវតម្លើងទីតាំងចំនួន ៣៤ បន្ថែមទៀត ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។សម្រាប់កិច្ចខិតខំប្រឹងប្រែងនេះបានរួមចំណែកដល់ការអភិរក្សជីវៈចម្រុះនៅក្នុងតំបន់នៃគម្រោងរេដបូកលំផាត់៕


ដោយ៖មករា





