ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាល សួរសុខទុក្ខកងទ័ពដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងអង្គរក្ស និងកងពលតូចថ្មើរជើងលេខ៤១។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពកម្ពុជាក្នុងបុព្វហេតុរក្សាការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា «ខ្មែរមិនទៅយកទឹកដីគេទេ ប៉ុន្តែយើងការពារទឹកដីរបស់យើងដែលមាននៅក្នុងផែនទីតម្កល់នៅអង្គការសហប្រជាជាតិ នេះគឺជាជំហរច្បាស់លាស់របស់ថ្នាក់ដឹកនាំកំពូលរបស់យើង»។

បន្ថែមលើនេះ ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងចូលរួមគាំទ្រគ្រប់បែបយ៉ាងដើម្បីលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហានយើង និងបានគោរពជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់សមរភូមិ។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារងនៃកងយោធពលខេមរៈភូមិន្ទ និងជាបញ្ជាការកងអង្គរក្ស និងឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





