បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ
AKP កំពង់ធំ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទិ៤ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះបានបើកកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងដោយមានការចូលរួមពី នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាច្រើននាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងជំនួបក្រៅផ្លូវការជាមួយឯកឧត្ដម អនុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅទីក្រុងកាហ្សាន នៃសហព័ន្ធរុស្សី ដែលរួមមាន÷ទី១.កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ទី២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្រគឺសូមភាគីទាំងពីរបន្តដោះស្រាយតាមរយៈយន្តការ ការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ដែលបាននិងកំពុងដំណើរការ ។

ទី៣. ពាក់ព័ន្ធនឹងព្រំដែនគោកកម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញឱ្យភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញឱ្យចាប់ផ្តើមដំណើរការចុះវាស់វែងនិងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខានិងទី៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនមានជាអាទិ៍÷ទី១. យោធិនគ្រប់រូបត្រូវត្រៀមខ្លួនរួចជាស្រេចអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងអន្តរាគមន៍ជួយដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា។ ទី២.ត្រូវបន្តសកម្មភាពអនុវត្តភារកិច្ច ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។ ទី៣.ត្រូវយកចិត្តទុកដាក់ក្នុងការបន្តសកម្មភាព ដោះស្រាយនូវរាល់ការលំបាកផ្សេងៗជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅខេត្តកំពង់ធំ។ទី៤.ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនិងទី៥.ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវច្បាប់ស្ដីពីលក្ខន្តិកៈ និងបទវិន័យទូទៅ របស់កងយោពលខេមរៈភូមិន្ទដោយត្រូវយកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិឱ្យមានប្រសិទ្ធភាព៕

ដោយ ស៊ុម វណ្ណា





