សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបំផុត១.០០០គ្រួសារនៅខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រេចបញ្ជូនស្បៀង និងសម្ភារ សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន១.០០០គ្រួសារ ដែលរងគ្រោះក្នុងខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ អំណោយ ជាស្បៀង និងសម្ភារទាំងនេះ ត្រូវបានឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នាំយកទៅចែកជូនប្រជាពលរដ្ឋ នៅទីតាំងចំនួនបីកន្លែងផ្សេងគ្នា ក្នុងនោះ ទីតាំងទី១៖ ក្នុងវត្តឧត្តមសែនជ័យ ស្រុកជាំក្សាន្ត ៤០៩គ្រួសារ ទីតាំងទី២៖ ក្នុងបរិវេណវត្ត អនោមាគិរី ស្រុកគូលែន ២៩៩គ្រួសារ និង ទីតាំងទី៣៖ ក្នុងបរិវេណវត្តតេជៈរង្សីស្រុកសង្គមថ្មី ២៩២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ៦ដប។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ទៅកាន់ពលរដ្ឋដែលកំពុងចល័តទៅកាន់តំបន់សុវត្ថិភាពថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយមិនទុកនរណាម្នាក់ចោលឡើយ។ ជាក់ស្តែង សម្តេចបានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងសហការី នាំយកស្បៀង និងសម្ភារ ដើម្បីឆ្លើយតបជួយដល់បងប្អូនឱ្យទាន់ពេលវេលា។

ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា «សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់និងមានភាពអត់ធ្មត់ កុំជឿលើព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ដែលអាចនាំឱ្យមានការយល់ច្រឡំជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានក្រើនរំលឹកថា «រដូវនេះជារដូវភ្លៀង សូមបងប្អូនប្រជាពលរដ្ឋដែលមានកូនតូចទាំងអស់ត្រូវប្រុងប្រយ័ត្នអំពីជំងឺគ្រុនឈាម ត្រូវឱ្យកូនៗគេងនៅក្នុងមុងទាំងយប់ ថ្ងៃ ត្រូវរក្សាអនាម័យឱ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ម្យ៉ាងដោយសារអាកាសធាតុប្រែប្រួល សូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយដោយធម្មជាតិរួមមានខ្យល់កន្ត្រាក់ និងផ្គររន្ទះជាដើម ហើយនៅពេលមានភ្លៀងធ្លាក់ត្រូវរកកន្លែងដែលមានសុវត្ថិភាពដើម្បីជ្រក និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ព្រោះរដូវភ្លៀងសត្វទាំងនោះតែងចេញរកចំណី ក្រែងមានការទិចឬខាំ។ »

សូមជម្រាបជូនថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានឧបត្ថម្ភថវិកា ១០០លានរៀល និងស្បៀង សម្ភារចំនួន១៥០០គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបីកន្លងទៅ និងសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀតក្នុងខេត្តព្រះវិហារ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





