គណៈប្រតិភូអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃការថែទាំផ្លូវ៣ខ្សែនៅទីជនបទនៃខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
គណៈប្រតិភូអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវចំនួន៣ខ្សែ នៅតាមទីជនបទនៃខេត្តសៀមរាប ដែលក្នុងនោះមាន២ខ្សែជាផ្លូវក្រាលកៅស៊ូ DBST ដោយមានគូសគំនូសចរាចរណ៍ផង ប្រវែង១៤.៩០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង និងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប និងផ្លូវ១ខ្សែទៀតជាប្រភេទផ្លូវក្រាលល្បាយគ្រួសប្រវែង ១១.៥០០ម៉ែត្រ ទទឹង ៥ម៉ែត្រដោយមានសាងសង់លូមូលមុខបីចំនួន១កន្លែង ដែលផ្លូវទាំងនេះឆ្លងកាត់ឃុំខ្នារសណ្តាយ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ហើយផ្លូវទាំង៣ខ្សែខាងលើនេះត្រូវបានទទួលការងារមើលថែទាំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

បន្ទាប់ពីបានចុះត្រួតពិនិត្យជាក់ស្តែងរួចមក ឯកឧត្តម សាន វិសាល បានមានប្រសាសន៍ផ្តោតសំខាន់លើគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពតាមដងផ្លូវ ដោយឯកឧត្តមបានកោតសរសើរក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលបានបំពេញការងារបានល្អ ហើយគណៈកម្មការបានឯកភាពទទួលយក១០០% ចំពោះលទ្ធផលថែទាំផ្លូវទាំង៣ខ្សែខាងលើ។

ផ្លូវទាំង៣ខ្សែខាងលើបានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពងាយស្រួលទៅមក ក្នុងការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀន និងដឹកជញ្ជូនអ្នកជំងឺមកកាន់មណ្ឌលសុខភាពបានទាន់ពេលវេលា៕

ដោយ ហង្ស សៀក





