ឯកឧត្តម នួន ផារ័ត្ន អញ្ជើញត្រួតពិនិត្យការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍ថា ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានទំហំជាង៣១៨ ម៉ែត្រ ការ៉េ ហេីយគិតមកដល់ពេលនេះមានរយៈពេល ៤៤៥ថ្ងៃហើយដោយធ្វើការសាងសង់បានប្រមាណ៦០ភាគរយរួចហើយ បច្ចុប្បន្នកំពុងដំណើរការសាងសង់បន្ត ដែលត្រូវនឹងបញ្ចប់នៅមុនបំណាច់ឆ្នាំ ២០២៥នេះ។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងកោតសរសើរចំពោះក្រុមជាងសំណង់ដែលបានខិតខំប្រឹងប្រែងក្នុងការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានសាងសង់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគំរូបប្លង់ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានកំណត់ ដែលសំណង់នេះរៀបចំសាងសង់ឡើងស្របតាមសេចក្តីត្រូវការនៃការវិវឌ្ឋន៍ថ្មីក្នុងការបម្រើនិរន្តរភាពជូនបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ។

ឯកឧត្តមក៏បានណែនាំដល់ក្រុមជាងសំណង់ ត្រូវធ្វើការសាងសង់ប្រកបដោយគុណភាព និងមានសោភ័ណភាពល្អឱ្យឆាប់បានរួចរាល់ ដើម្បីបម្រើឱ្យសេចក្តីត្រូវការ ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបច្ចុប្បន្នកំពុងបំពេញភារកិច្ចយ៉ាងមមាញឹក ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវប្រុងប្រៀបរៀបចំកែលម្អសោភ័ណភាពទីតាំង ដោយត្រូវដាំដើមឈើលម្អ និងទុកជាម្លប់សម្រាប់ជ្រកហើយត្រូវគិតគូរអំពីការរៀបចំធ្វើរបង ព័ទ្ធជុំវិញទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំនៅពេលខាងមុខផងដែរ៕
ដោយ ស៊ុម វណ្ណា





