សម្ដេចតេជោ ហ៊ុន សែន៖ សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃ បណ្តេញចេញ និងការប្រមាថ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសារអំពាវនាវសូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃ បណ្តេញចេញ និងការប្រមាថ ដោយសម្ដេចតេជោលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមផេកហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ ហើយនេះជាវិធានការគ្រប់ជ្រុងជ្រោយដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើ ឬបង្កើតមុខរបរថ្មី។ សម្ដេចតេជោបានថ្លែងថា បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅ មើលម្តាយដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ ពាក់ព័ន្ធនឹងការការលើកឡើងរបស់បងប្អូននេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំអាចឆ្លើយបានថាអ្នកណាក៏ដោយឱ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង»។
ជាមួយគ្នានេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភាក៏បានអំពាវនាវសូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃ បណ្តេញចេញ និងការប្រមាថ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់ តុលាការយុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយមិនរួច»។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូន និងសូមជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបងប្អូនបានជ្រាប។ ក្នុងសាររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងថា ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ក្នុងនោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។ ទន្ទឹមនេះ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ចំពោះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រឡប់មកវិញ ដោយបច្ចុប្បន្ន នៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង ៧ម៉ឺននាក់។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏សូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។
សម្ដេចធិបតីក៏បានបន្ថែមថា៖ «ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង»៕
ដោយ៖ រិទ្ធី





