សម្ដេចតេជោ ហ៊ុន សែន៖ ពេលប្រទេសជាតិ និងប្រជាពលរដ្ឋប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥
សម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង។

នៅលើបណ្ដាញទំនាក់ទំនងសង្គម រសៀល ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា មុននេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញសារទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ។ សម្ដេចតេជោបានបញ្ជាក់ថា នេះជាវិធានការគ្រប់ជ្រុងជ្រោយ ដែលជួយសម្រួលដល់បងប្អូនដែលវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។ សម្ដេចតេជោបន្តថា បងប្អូនខ្លះបានចោទសួរថា មានបងប្អូននៅថៃ៣០ឆ្នាំហើយ ចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំមានឯកសារ។ សម្ដេចតេជោបញ្ជាក់ជូនយ៉ាងដូច្នេះថា៖ «ខ្ញុំអាចឆ្លើយបានថា អ្នកណាក៏ដោយឱ្យតែជាខ្មែរ ទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ ខ្ញុំនិយាយបែបនេះ ព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំ កម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរ ពិសេសនៅពេលដែន កម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិICJ ពេលនោះពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយជៀសមិនរួច។»

សម្ដេចតេជោប្រធានព្រឹទ្ធសភា ក៏បានជូនភ្ជាប់នូវសាររបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបងប្អូនបានជ្រាប។ ក្នុងសាររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងឱ្យដឹងថា ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេស ជូនបងប្អូនដែលត្រឡប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មជាមធ្យមជាង៧ម៉ឺននាក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏សូមអំពាវនាវឱ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករដែលត្រលឡប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។ សម្ដេចធិបតីក៏បានថ្លែងបន្ថែមថា៖ «ពេលប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង»៕
ដោយ៖ ជឹម ណារី





