ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រភូមិត្រពាំងព្រីង ឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្គ និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ស្ថានភាពទឹកជំនន់ឆ្នាំនេះមានការកើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរនិងដំណាំស្រូវរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាទីតាំងមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះធ្វើឱ្យទឹកស្ទឹងស្ទោង និងស្ទឹងសែន មានការកើនឡើងយ៉ាងឆាប់រហ័សធ្វើឱ្យប៉ះពាល់និងខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់មួយចំនួន ក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកប្រាសាទសំបូរនិងស្រុកសណ្តាន់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន កំពុងប្រឈមនឹងការលិចលង់បើជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើង។ ទន្ទឹមនឹងនេះ ឯកឧត្តមបានសូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសសុវត្ថិភាពរបស់កុមារតូចៗ នៅក្នុងរដូវទឹកឡើងនេះ។

តាមសេចក្ដីរាយការណ៍របស់រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ថា ស្ថានភាពទឹកស្ទឹងសែនគិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានកម្រិតកម្ពស់ ១២,៩៦ម៉ែត្រធៀបនឹងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាង៥,៣៩ម៉ែត្រ។ ស្ថានភាពជំនន់ទឹកភ្លៀងធ្វើឱ្យមានផលប៉ះពាល់និងខូចខាតលើដំណាំស្រូវសរុបចំនួន១១១៨ ហិកតាលើ០៣ស្រុក ស្មើនឹង១៤ឃុំ ៤៨ភូមិស្មើនឹង៩៣៣គ្រួសារ ក្នុងនោះខូចខាតអស់ចំនួន ២១៨ហិកតា លើ ៦ឃុំ ១៨ភូមិ ស្មើនឹង ២៧៥ គ្រួសារ។ ស្រុកប្រាសាទសំបូរប៉ះពាល់ចំនួន ១៤៤ហិកតា លើ ៥ឃុំ ១១ភូមិ ស្មើនឹង ១២០ គ្រួសារ ក្នុងនោះខូចខាតចំនួន ៦៦ ហិកតា។ ស្រុកកំពង់ស្វាយ ប៉ះពាល់ចំនួន ៨៤០ហិកតា លើ ៧ឃុំ ២៣ភូមិ ស្មើនឹង ៦៦៨ គ្រួសារក្នុងនោះខូចខាតចំនួន ១៥២ហិកតា។ស្រុកសណ្ដាន់ប៉ះពាល់ចំនួន ១៣៤ហិកតា លើ២ឃុំ ១៤ភូមិ ស្មើនឹង១៤៥គ្រួសារ។

គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ការងារបង្កបង្កើនផលរបស់ប្រជាកសិករខេត្តកំពង់ធំសម្រេចភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មបានចំនួន១៩៣៣០០ហិកតា និងសាបសំណាងបានចំនួន២៣៣ហិកតា អនុវត្តបានលើផ្ទៃដីចំនួន១៩០៨៩៩ហិកតាស្មើនឹង៨៦,៧៧ភាគរយនៃផែនការ២២០០០០ហិកតាបើប្រៀបធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នាខ្ពស់ជាងចំនួន១៧០០០ហិកតា និងបានដាំដំណាំរួមផ្សំផ្សេងៗបានចំនួន៣១៩៣៥ហិកតា៕
ដោយ ស៊ុម វណ្ណា





