ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែងដល់យុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង មកពីវិទ្យាល័យចំនួន៤ ក្នុងស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ការបំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នាពេលនេះ បានបង្ហាញអំពីអ្នកបន្តវេន ក្នុងសកម្មភាពមនុស្សធម៌របស់យុវជន ជាទំពាំងស្នងឫស្សី ជាពិសេស ជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌។ កាកបាទក្រហមកម្ពុជាបានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ក្មួយៗយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសក្នុងពេលដែលក្មួយៗបានដឹកនាំយក នូវស្បៀងអាហារ ដើមី្បផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត ព្រមទាំងការងារគ្រោះមហន្តរាយទៀតផង។ ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យសាលា ខិតខំរៀនសូត្រឱ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សកម្ម ភាពក្នុងស្រទាប់យុវវ័យ ផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជាឱ្យបានទូលំទូលាយ ចូលរួមពលកម្មសម្អាតបរិស្ថានក្នុងវិទ្យាល័យ និង ទីសាធារណៈ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ រួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម បណ្ឌិតសភាចារ្យ បានផ្ដាំផ្ញើដល់ក្មួយៗយុវជនសាខាកាបាទក្រហមទាំងអស់ ត្រូវធ្វើជាកូនល្អ សិស្សល្អ យុវជនល្អ និងពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន ក្នុងចំណោមសិស្សានុសិស្ស នៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌និងយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន និងកុមារកំព្រា ជនពិការ ចាស់ជរា នៅតាមសហគមន៍ជាដើម។ សូមបន្ដចែករំលែកនូវអំពើល្អរបស់ខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ការរើសអើង ការស្អប់ខ្ពើមជនទីទ័លក្រ ភាពក្រីក្រក្នុងសង្គមជាតិយើង។ ពុះពារមិនរារែកគ្រប់ឧបសគ្គ ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត៕
ដោយ បៃ ស៊ីថុន





