រដ្ឋបាលខេត្តសៀមរាបបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តសៀមរាប ដោយមានកិច្ចសហការជាមួយមូលនិធិគន្ធបុប្ផា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានបើកនូវយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នៅខាងមុខមន្ទីរពេទ្យជ័យវរ្ម័នទី៧ មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដើម្បីបំផុសបំផុលចលនាមហាជនទាំងក្នុង និងក្រៅប្រទេស ចូលរួមគាំទ្រសម្ភារបរិក្ខារ និងថវិកាដល់មូលនិធិគន្ធបុប្ផា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការពិនិត្យ និងព្យាបាលជំងឺកុមារកម្ពុជាប្រកបដោយគុណភាព និងមិនគិតកម្រៃ។

យុទ្ធនាការនាថ្ងៃនេះរៀបចំឡើងចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨យប់ ដោយមានសកម្មភាពមួយចំនួន ដូចជាការថតរូបភាពបានភ្លាមៗ ការលេងល្បែងកម្សាន្តយកវត្ថុអនុស្សាវរីយ៍ តុក្កតាទន្សាយយក្សផ្សព្វផ្សាយពីមូលនិធិគន្ធបុប្ផាកម្ពុជា ការចែកខិតបណ្ណ ការផ្សព្វផ្សាយ និងកៀរគរការចូលរួមពីសប្បុរសជន ជាពិសេសអ្នកដែលស្រឡាញ់កីឡា ឱ្យចូលរួមរត់កម្សាន្តសប្បុរសធម៌ជាដើម។ យុទ្ធនាការនេះដែរ បង្កើតឡើង ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ។

គួរជម្រាបថា មន្ទីរពេទ្យគន្ធបុប្ផាជាមន្ទីរពេទ្យកុមារថ្នាក់ជាតិ ដែលទទួលការពិនិត្យ និងព្យាបាលកុមាររាប់លានករណីក្នុងមួយឆ្នាំៗ ដោយមិនគិតថ្លៃ។ មន្ទីរពេទ្យនេះ អាចដំណើរការទៅបានរហូតដល់ពេលនេះ និងទៅអនាគត គឺអាស្រ័យលើការចូលរួមបរិច្ចាគ និងវិភាគទានដែលមិនអាចខ្វះបានពីប្រភពស្របច្បាប់នានា រួមមានរាជរដ្ឋាភិបាលកម្ពុជា ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ក្នុងន័យនេះ រដ្ឋបាលខេត្តសៀមរាប និង មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគថវិកាក្នុងយុទ្ធនាការឱ្យកាន់តែផុសផុល៕

ដោយ ឃុត សៅ





