សិក្ខាសាលាបណ្តុះបណ្តាល ស្តីអំពី ” ការបង្កើតល្បែងក្នុងការបង្រៀនភាសាបារាំង” នៅវិទ្យាស្ថានជាតិអប់រ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥–
សិក្ខាសាលាបណ្តុះបណ្តាលមួយស្តីអំពីការបង្កើត និងផលិតល្បែង ក្នុងការបង្រៀនភាសាបារាំងមួយត្រូវបានរៀបចំឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅឯវិទ្យាស្ថានជាតិអប់រំ។ កម្មវិធីបណ្តុះបណ្តាលនេះគាំទ្រដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងដឹកនាំដោយលោក John Francis Kenwright សាស្ត្រាចារ្យសាកលវិទ្យាល័យ ជាទីប្រឹក្សាគរុកោសល្យ និងការបង្កើតល្បែងនៅវិទ្យាស្ថានជាតិគរុកោសល្យទីក្រុង INP Grenoble ប្រទេសបារាំង។

សិក្ខាសាលានេះមានការចូលរួមពីលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យបណ្តុះបណ្តាលគរុកោសល្យ និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំប្រមាណជាង ២០រូប ផ្តោតលើកម្មវត្ថុសំខាន់ៗរួមមាន៖
• បញ្ជ្រាប គ្រូៗបង្រៀនភាសាបារាំងឲ្យយល់អំពីសក្តានុពលនៃល្បែងគរុកោសល្យ។
• ស្វែងយល់ និងសម្របល្បែងដែលមានស្រាប់បង្កើតឡើងចេញពីគម្រោងល្បែងគរុកោសល្យទៅតាមតម្រូវការជាពិសេសរបស់សិក្ខាកាម។
• ជួយជ្រោមជ្រែងគ្រូបង្រៀនក្នុងការបង្កើតគម្រោងបង្កើតល្បែងរបស់ពួកគេ។
• ជំរុញការគិតពិចារណាដល់ការបង្កើតថ្មីរបស់គ្រូៗ ដោយជួយពួកគេក្នុងការកសាងសកម្មភាពរៀនតាមរយៈការបង្កើតល្បែងផ្សេងៗ។
• បញ្ចូលសម្ភារៈឧបទេស និងធនធាននានាដើម្បីជួយលោកគ្រូអ្នកគ្រូ ក្នុងការកសាង និងដាក់ឲ្យដំណើរការនូវសកម្មភាពនានាក្នុងការសិក្សា។
លោក John Francis Kenwright បានបញ្ជាក់ថា៖ “គោលបំណងគឺថាយើងបានផ្តើមឲ្យសិក្ខាកាម និងសាស្ត្រាចារ្យស្គាល់នូវអ្វីដែលមិនដែលស្គាល់ពីមុនមកក្នុងការអនុវត្តន៍ មានន័យថាការប្រើប្រាស់ល្បែងក្នុងការបង្រៀន។ ប៉ុន្តែការពិត នៅពេលសិស្ស និងនិស្សិតលេង យើងនឹងរកឃើញនូវសមត្ថភាពផ្សេងៗជាច្រើន ក៏ដូចជាអាកប្បកិរិយាផ្សេងៗនឹងលេចចេញមកជាលក្ខណៈធម្មជាតិ ដូចជាការគោរពអ្នកដទៃ ការស្តាប់អ្នកដទៃ ការគ្រប់គ្រងភាពតានតឹង ការគ្រប់គ្រងពេលវេលា ការគ្រប់គ្រងអារម្មណ ឬលើសពីនោះ ភាពឈ្លាសវៃកើតចេញពីការរំភើប ជាដើម”។

លោកសាស្ត្រាចារ្យ John បានបន្ថែមថា “ ខ្ញុំចាប់អារម្មណ៏ថា សិក្ខាកាមទាំងឡាយក្នុងវគ្គបណ្តុះបណ្តាលនេះមានការយកចិត្តទុកដាក់ និងប្រឹងប្រែងណាស់ ពួកគេក៏បានសិក្សាបន្ថែមនូវភាសាបារាំង (សម្រាប់និស្សិត) ហើយសម្រាប់សាស្ត្រាចារ្យវិញ យើងក៏បានបើកចំហបន្ថែមនូវបច្ចេកទេសជាច្រើនក្នុងការសិក្សាផងដែរ“។

សក្ខីកម្មរបស់សិក្ខាកាម រួមមាន៖ លោក ហ៊ឹម សម្បត្តិ គរុនិស្សិត (12+2) ជំនាន់ទី២៣ នៃវិទ្យាស្ថានជាតិអប់រំ “ខ្ញុំរីករាយដោយបានសិក្សាវិធីសាស្ត្រកសាងល្បែង និងរៀបចំបង្រៀនយ៉ាងដូចម្តេចក្នុងការបញ្ចូលសកម្មភាពល្បែងក្នុងការសិក្សារបស់សិស្ស”។
លោកស្រី ភាព សុខនី សាស្ត្រាចារ្យបណ្តុះបណ្តាលគរុកោសល្យ នៃវិទ្យាស្ថានជាតិអប់រំ “សំរាប់នាងខ្ញុំ ការបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ និងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង។ គឺជាបទពិសោធន៍ថ្មីមួយទៀតឲ្យយើងនូវគំនិតជាច្រើនដល់គ្រូៗវ័យក្មេងក្នុងការបង្រៀនភាសាបារាំង។ ខ្ញុំសូមអរគុណដល់ AUF ដែលបានផ្តួចផ្តើមនិងគាំទ្របង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើង”។

តាមប្រសាសន៍របស់លោកសាស្ត្រាចារ្យ ការបណ្តុះបណ្តាលនេះគ្រាន់តែជាដំណាក់កាលដំបូងប៉ុណ្ណោះ។ វគ្គផលិតសកម្មភាពល្បែងគរុកោសល្យនឹងអាចដាក់ឲ្យដំណើរការនៅពេលក្រោយ អាស្រ័យលើតម្រូវការដែលស្នើឡើងដោយគរុសិស្ស និងសាស្ត្រាចារ្យ។
ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ដែលបង្កើតឡើង៦០ឆ្នាំមកហើយ បច្ចុប្បន្នជាបណ្តាញសាកលវិទ្យាល័យទី១លើពិភពលោក ជាមួយសមាជិកជាង ១ ០០០គ្រឹះស្ថានជាសមាជិក រួមមានសាកលវិទ្យាល័យ សាលាបណ្តុះបណ្តាលធំៗ និងមជ្ឈមណ្ឌលស្រាវជ្រាវ ដែលមានវត្តមាននៅក្នុងប្រទេសចំនួន ១១៥។
ជាស្ថាប័នតំណាងឲ្យទេពកោសល្យហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ ដែលមានវត្តមាននៅទូទាំងពីភពលោក AUF គឺជាអង្កការអន្តរជាតិមិនរកប្រាក់ចំណេញ ក៏ជានិមិត្តរូបមួយដែលមានទស្សនវិស័យដើម្បីការអភិវឌ្ឍដ៏ប្រសើរនៃប្រព័ន្ធអប់រំ និងសាកលវិទ្យាល័យ ៖ «គិតគូរជាសាកលអំពីហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ និងប្រតិកម្មជាលក្ខណៈតំបន់ដោយគោរពនូវភាពសំបូរបែប»៕
ដោយ ផែន រតនៈ





