មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារសិក្សាដល់សាលាបឋមសិក្សាតេជោមរកត ក្នុងខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងលោកស្រីបណ្ឌិត ពុត និស្ស័យ ប្រធាននាយកដ្ឋានអធិការកិច្ចគុណភាពអប់រំ ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះបានចុះសួរសុខទុក្ខ និងឧបត្ថម្ភសម្ភារសិក្សា ព្រមទាំងនំចំណីដល់សាលាបឋមសិក្សាតេជោមរកត ដែលស្ថិតនៅក្នុងភូមិតាកឹងបៃតង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីបន្តពង្រឹងចំណងសម្ព័ន្ធមេត្រីភាព និងគាំទ្រដល់ដំណើរការការអប់រំនៅជំរំបណ្ដោះអាសន្ន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គាធិការ និងលោកស្រីបណ្ឌិតប្រធាននាយកដ្ឋាន បានចុះពិនិត្យស្ថានភាព លើកទឹកចិត្តដល់លោកនាយក និងលោកគ្រូ អ្នកគ្រូ ព្រមទាំងជួបជជែកសាកសួរពីសុខទុក្ខ និងការលំបាកនានាក្នុងការគ្រប់គ្រង និងការបង្រៀនប្រចាំថ្ងៃនៅក្នុងថ្នាក់រៀនបណ្ដោះអាសន្ន (តង់សាលារៀន)។ ថ្នាក់ដឹកនាំក៏បានពិភាក្សាអំពីការតាមដាន គាំទ្រ និងស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការសិក្សារបស់កុមារនៅទីនោះឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយកំណែទម្រង់អប់រំ។ ចំពោះអំណោយដែលបានប្រគល់ជូននាពេលនេះ រួមមាន សម្ភារសិក្សា កុំព្យូទ័រយួរដៃ និងនំកញ្ចប់ជាដើម៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





