អាជ្ញាធររាជធានីភ្នំពេញត្រៀមរថយន្តក្រុងជាង៤០០គ្រឿងចាំដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរមកពីថៃ នៅពេលមានបញ្ជាពីថ្នាក់លើមកភ្លាម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥-- អាជ្ញាធររាជធានីភ្នំពេញត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចរាល់ហើយ ចាំដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករខ្មែរ មកពីប្រទេសថៃ នៅពេលមានបញ្ជាពីថ្នាក់លើមកភ្លាម។ នេះតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា យើងមានថ្នាក់ដឹកនាំយើងល្អ ពិតជាសំណាងយើងណាស់ ស្របពេលនេះយើងមានបញ្ហាព្រំដែនជាមួយថៃ សម្រាប់អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរថយន្តក្រុងជាង៤០០ គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាលមានបទបញ្ជាឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត យើងនឹងអនុវត្តតាមបទបញ្ជានេះភ្លាមៗ។ នេះជាការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់យើង មិនដូចជនអគតិមួយចំនួននោះទេ។

ឯកឧត្ដមបានបន្ថែមទៀតថា ក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបម្រើប្រជាពលរដ្ឋឱ្យបានល្អ ទាំងការបម្រើសេវាជូនពួកគាត់ ដឹងសុខទុក្ខពួកគាត់ និងមើលថែទាំ ជួសជុលរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឱ្យបានល្អ ជាមួយនឹងការដឹកជញ្ជូនសំរាមផងដែរ ដូចជាលូ ផ្លូវជាដើម។ ក្នុងនាមមន្ត្រីបក្សនៅថ្នាក់សង្កាត់ ត្រូវក្តាប់ព័ត៌មាននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីយើងអាចជួយប្រជាពលរដ្ឋរបស់យើងនៅក្នុងមូលដ្ឋានបានលឿន និងទាន់ពេលវេលា។ ចំពោះអ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយនៅថ្នាក់សង្កាត់ដោះស្រាយមិនបានត្រូវប្រញ៉ាប់រាយការណ៍មកថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញភ្លាម។

ទន្ទឹមនឹងនេះ ឯកឧត្ដម ឃួង ស្រេង បានឱ្យលោកប្រធានភូមិទាំង៩ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ លើកពីចំណុចខ្លាំង ខ្សោយ និងទិសដៅខាងមុខនៅតាមភូមិនីមួយៗ សំដៅធ្វើយ៉ាងណាយកជ័យជម្នះក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ឱ្យបាន។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ទើបយើងអាចរក្សាសន្តិភាព និងរក្សាបូរណភាពទឹកដីពីចោរឈ្លានពានបាន។

ឯកឧត្ដមក៏បានថ្លែងនូវការអរគុណផងដែរចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តរហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក៕
ដោយ សួស សំរិត





