រសៀលថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា”
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីបិទ “មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។

ក្នុងរយៈកាលជាងមួយទសវត្សរ៍កន្លងទៅនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទីយ៉ាងសកម្មនៅវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារនិងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។ កាយរឹទិ្ធជាតិកម្ពុជា បានគាំទ្រយ៉ាងសកម្មដល់ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(គ.អ.ច.ក.) ឆ្នាំ២០១៦-២០៣០ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត គោលនយោបាយអប់រំបរិយាបន្ន និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។
បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុត ក្នុងការគាំទ្រដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ព្រមទាំងបញ្ចូលកម្មវិធីកាយរឹទិ្ធកម្មទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាបន្ថែម ដើម្បីជួយពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។
កាយរឹទិ្ធជាតិកម្ពុជាបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ ព្រមទាំងបានផ្តល់ការអប់រំក្រៅប្រព័ន្ធ ដើម្បីបណ្តុះបណ្តាលកុមារនិងយុវជន ឱ្យមានជំនាញសតវត្សទី២១ ដូចជាជំនាញទន់ បំណិនជីវិត និងបំណិនអាជីព តាមរយៈពាក្យសច្ចាប្រណិធាន និងការបំពាក់កន្សែងដល់សមាជិកម្នាក់ៗ ដើម្បីឱ្យពួកគេរៀនរស់នៅក្នុងជីវភាពប្រព័ន្ធកងល្បាត ដោយអនុវត្តតាមគោលការណ៍គ្រឹះនៃកាយរឹទិ្ធកម្ម (Scout Principles) ច្បាប់កាយរឹទិ្ធ(Scout Laws) និងវិធីកាយរឹទ្ធិកម្ម(Scout Methods)។
តាមរយៈរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល២ឆ្នាំ បានបង្ហាញឱ្យឃើញអំពីការវិវត្តរីកចម្រើនរបស់កាយរឹទិ្ធជាតិកម្ពុជា ដែលមានកំណើនសមាជិករហូតដល់ជាង១៨ម៉ឺននាក់ ទូទាំងប្រទេស។ តាមរយៈកំណើនសមាជិកភាពនេះ បានសរបញ្ជាក់ឱ្យឃើញថា កាយរឹទិ្ធជាតិកម្ពុជា ផលិតបាននូវកម្មវិធីយុវជន ដែលជាទីពេញនិយមសម្រាប់កុមារនិងយុវជន និងបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍកុមារនិងយុវជន ឱ្យធ្វើតែអំពីល្អនៅតាមទីសាធារណៈ និងជាពលរដ្ឋសកម្មជួយដល់សហគមន៍។ កម្មវិធីកាយរឹទិ្ធកម្មបានពង្រឹង ភាពជាអ្នកដឹកនាំក្នុងចំណោមយុវជន និងបានបណ្តុះបណ្តាលធនធានយុវជន ឱ្យក្លាយជាកម្លាំងបន្តវេនដ៏មានប្រសិទ្ធភាព និងស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី - ហ៊ុន សែន ជាគរុគណនៃកាយរឹទិ្ធជាតិកម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





