ខេត្តកំពង់ស្ពឺប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះវស្សាគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២ -- នាថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីភាពក្នុង ពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា និងសហការីទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ មានសេចក្តីសោមនស្សរីករាយជាអនេកប្បការ និងសូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនាជយាមហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាពលរដ្ឋជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។

ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខា និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សូមអភិវន្ទថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ តែងតែបានយ៉ាងដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះ ជាតិ មាតុភូមិ។ ជាក់ស្តែង ព្រះរាជវីរគំរូមនុស្សធម៌នៃ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជូបត្ថម្ភ គាំទ្រកាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ។










ដោយ៖ លឹម សាន





