ខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយអង្គការAFDបានរៀបចំធ្វើពិធីលែងត្រីនៅក្នុងអាងទំនប់ស្ទាក់ទឹកអូរអត
AKP កំពង់ធំ ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៥ -- ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានរៀបចំធ្វើពិធីលែងត្រីដើម្បីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥ នៅបរិវេណអាងទំនប់ស្ទាក់ទឹកអូរអត ស្ថិតក្នុងភូមិផ្តៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក យ៉ុម ហឿន អភិបាលរងស្រុកប្រាសាទបល្ល័ង្ក លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ លោក សោម សុភ័ក្រ្ក នាយកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) មន្ត្រីខណ្ឌរដ្ឋបាលជលផល មន្ត្រីរដ្ឋបាលស្រុក ការិយាល័យ អង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង៣៥០នាក់។

លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានលើកឡើងថា ពិធីលែងកូនត្រីចម្រុះនៅថ្ងៃនេះគឺមានត្រីព្រលូន១ម៉ឺនក្បាល ត្រីឆ្អិន២ម៉ឺនក្បាល ត្រីកាហែ១ម៉ឺនក្បាល និងកូនត្រីស្រែចម្រុះចំនួន១០០គីឡូក្រាម ត្រូវលែងចូលក្នុងអាងទំនប់ស្ទាក់ទឹកអូរអតសម្រាប់បង្កើនផលត្រីនៅទីនេះឱ្យសំបូរឡើងវិញ ដើម្បីទុកជាប្រយោជន៍ជូនបងប្អូននៅទីនេះប្រើប្រាស់។ រក្សាទុកនូវត្រីមេពូជសម្រាប់បន្តពូជនិងទាក់ទាញភ្ញៀវទេសចរ។

ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំជាម្ហូបអាហារចាំបាច់ដែលយើងមិនអាចខ្វះបាន។ ទន្ទឹមនឹងនេះ លោកនាយខណ្ឌជលផលបានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជ្ញាធរដែនដីចូលរួមថែរក្សាការពារធនធានជលផល ទប់ស្កាត់បទល្មើសផ្សេងៗដែលច្បាប់ហាមឃាត់ ដូចជាឧបករណ៍ឆក់ត្រី ឧបករណ៍ស្បៃមុង ដូចពាក្យថា "ធនធានជលផលជារបស់យើងទាំងអស់គ្នា យើងចិញ្ចឹមត្រី ត្រីចិញ្ចឹមយើង"។

លោក សោម សុភ័ក្រ្ក នាយកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) បានលើកឡើងថា ដោយសារសំណូមពររបស់ប្រជាពលរដ្ឋ ហើយតំបន់មួយចំនួនដែលរងផលប៉ះពាល់ពីការរាំងស្ងួតខ្វះទឹក និងទប់ទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ មិនថាកន្លែងណាទេគឺ អាចយកទឹកនេះទៅប្រើប្រាស់បានដូចគ្នា ហើយអូរអតនេះជាប្រភពទឹកអាចយកទៅប្រើប្រាស់ គ្រប់កាលៈទេសៈ ផ្គត់ផ្គង់ជីវភាពសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ព្រោះថាអូរអតនេះពុំមែនជាកម្មសិទ្ធិអ្នកណាទេ គឺអាចប្រើប្រាស់បានទាំងអស់គ្នា ម៉្យាងវិញទៀត ទីតាំងនេះកំពុងទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរឃុំ/ស្រុក/ខេត្ត ដែលបានខិតខំស្ថាបនាឱ្យប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍មួយផងដែរ។

លោក យ៉ុម ហឿន បានមានប្រសាសន៍ថា ពិធីលែងត្រីចម្រុះនេះគឺអនុវត្តតាមលំអានដែលនៅក្នុងទិវាមច្ឆជាតិជាគោលការណ៍អាទិភាពដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់។ ទិវាមច្ឆជាតិនេះគឺជាទិវាដែលដាស់ស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចងចាំអំពីមច្ឆានេះតែម្ដង។ ត្រីជាម្ហូបអាហារ ជាបញ្ហាសំខាន់សម្រាប់ជាស្បៀងមួយរបស់មនុស្សជាតិមិនថាជាតិណានោះទេគឺត្រូវការត្រីសម្រាប់ធ្វើជាស្បៀង បានន័យថាស្បៀងមិនសំដៅលើស្រូវតែមួយមុខនោះទេ គឺសំដៅលើចំណីអាហារដែលយើងអាចទទួលទានបាន រួមទាំងបន្លែបង្ការផងដែរ។ ពិសេសនៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍ត្រី។

ក្នុងឱកាសនេះ លោក យ៉ុម ហឿន សូមធ្វើការផ្តាំផ្ញើដើម្បីអភិរក្សធនធានធម្មជាតិមច្ឆជាតិ យើងត្រូវហូបត្រី កុំឱ្យផុតពូជ ត្រូវការពារមេត្រី យើងមានតំបន់អភិរក្សត្រីនៅតាមទន្លេ ស្ទឹង បឹង អូរ សូមកុំប៉ះពាល់វាទុកសម្រាប់ធ្វើមេពូជបន្តទៀត និងសូមចូលរួមកុំប្រើប្រាស់ឩបករណ៍នេសាបដែលច្បាប់ហាមឃាត់ ជាពិសេសសូមកុំបំផ្លាញព្រៃលិចទឹកព្រោះវាជាចម្រកនៃត្រីពងកូន៕
ដោយ ស៊ុម វណ្ណា





