រដ្ឋបាលរាជធានីភ្នំពេញបន្ដនាំអំណោយសប្បុរសជនមកចែកជូនវីរកងទ័ពខេត្ដស្ទឹងត្រែង
AKP ស្ទឹងត្រែង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តនាំយកអំណោយសប្បុរសជន ជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ចំនួន៥៦មុខមកប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ទាហានខ្មែរពិតជាមានឆន្ទៈមោះមុត អង់អាច ក្លាហាន ខ្លាំងក្លា ក្រាញននៀល មិនចុះចាញ់ជាមួយទ័ពសត្រូវ បើទោះបីទ័ពសត្រូវមានគ្នាច្រើន មានអាវុធយុទ្ធភ័ណ្ឌទំនើប មានយន្តហោះចម្បាំង មានដ្រូន និងប្រើប្រាស់ថ្នាំពុលយ៉ាងណាក្តី រហូតទទួលបានការកោតសរសើរលើពិភពលោកថា កម្ពុជាប្រទេសតូច កម្លាំងតិច សម្ភារសឹកមិនសូវទំនើប តែទឹកចិត្តមោះមុត មានឆន្ទៈខ្ពស់ក្នុងកិច្ចការពារទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ មិនឱ្យបាត់បង់ឡើយ។

ឯកឧត្ដម ហួត ហៃ នៅមុនពិធីប្រគល់អំណោយនេះ បានជួបសំណេះសំណាលសួរសុខទុក្ខ ដល់នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ១២៨នេះ ជុំវិញការប្រយុទ្ធគ្នាជាមួយទាហានសៀមឈ្លានពាន និងបានស្នើឱ្យបងប្អូនកងទ័ពយើងទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ព្រោះសត្រូវរបស់យើងថោកទាប ប្រើល្បិច ពិសពុលគ្រប់យ៉ាងដែលយើងនឹកស្មានមិនដល់ ដូចជាករណីទាហានសត្រូវចាប់ទាហានកម្ពុជា យកទៅរហូតមកដល់ ពេលនេះមិនទាន់បានដោះលែងនៅឡើយបើទោះបីមានបទឈប់បាញ់ហើយក្តី។
ឯកឧត្ដម ហួត ហៃ បានផ្តាំផ្ញើដល់បងៗកងទ័ពសូមមានការប្រុងប្រយ័ត្នខ្ពស់ ត្រៀមលក្ខណៈជានិច្ច ជីកលេណដ្ឋានឱ្យរឹងមាំ ដើម្បីត្រៀមប្រយុទ្ធគ្រប់វិនាទី ព្រោះសត្រូវមិនឱ្យយើងបានសុខឡើយ មានតែយើងរឹងមាំខ្លួនឯងប៉ុណ្ណោះ ទើបយើងអាចការពារទឹកដីយើងមិនឱ្យបាត់បង់ឡើយ។
លោកវរសេនីយ៍ឯក ធីវ ម៉ុល បានអរគុណចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋរដ្ឋបាលរាជធានី និងជាពិសេសឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែបានឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ១២៨កន្លងមក ហើយនៅពេលនេះ ខណៈដែលកងទ័ពយើងកំពុងប្រឈមមុខជាមួយសត្រូវ រដ្ឋបាលរាជធានីភ្នំពេញបានបន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគជាច្រើនមុខ មកជួយឧបត្ថមបន្ថែមទៀត។ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋគឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកឱ្យបានដាច់ខាត៕
ដោយ សួស សំរិត





