ការប្រកួតហែលទឹកបង្ហាញពីស្មារតីកីឡា ការគោរពវិន័យ សាមគ្គីភាព រវាងកីឡាករ កីឡាការិនីវ័យក្មេងមកពីបឋមសិក្សារាជធានី-ខេត្ត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ -- ការប្រកួតកីឡាហែលទឹកនៃព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាពកុមារ» នៅរាជធានីភ្នំពេញបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរហែលទឹក។

លោក ហែម គីរី បានគូសបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ លើប្រភេទកីឡាហែលទឹកនេះទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា។ លោកបន្ថែមថា សហព័ន្ធខ្មែរកីឡាហែលទឹកផ្តោតសំខាន់ ក្នុងការផ្តល់ឱកាសចូលរួមកីឡាករ កីឡាការិនីវ័យក្មេងកម្រិតបឋមសិក្សាទូទាំងប្រទេសកម្ពុជា។ ការប្រកួតនេះបានបង្ហាញពីស្មារតីកីឡា ការគោរពវិន័យ ភាពអង់អាចក្លាហាន និងសាមគ្គីភាពរវាងកីឡាករ កីឡាការិនីវ័យក្មេងមកពីបឋមសិក្សារាជធានី-ខេត្ត ដែលចូលរួម។ ការប្រកួតកីឡាហែលទឹកនេះ មិនត្រឹមតែជាការប្រកួតប្រជែងដើម្បីទទួលបានជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកស្ទួយវិស័យកីឡា បណ្តុះស្មារតីរឹងមាំ ការអត់ធ្មត់ និងការគោរពច្បាប់ផងដែរ។ វាជាវេទិកាដ៏សំខាន់មួយសម្រាប់កុមារា និងកុមារីក្នុងការបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនឯងផងដែរ។

លោក នាង សុរិទ្ធិយ៉ា អគ្គលេខាធិការងសហព័ន្ធខ្មែរកីឡាហែលទឹកបានជម្រាបជូនថា ការប្រកួតប្រភេទកីឡាហែលទឹកនៃព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះមានសមាសភាពចូលរួមពីរាជធានី-ខេត្តចំនួន ៧ ដោយមានកីឡាករ កីឡាការិនីចូលរួមសរុប ២៧នាក់ (ប្រុស ១៦នាក់ ស្រី ១១នាក់) គ្រូបង្វឹក គ្រូជំនួយចំនួន ១៤នាក់ នឹងមន្ត្រីគណៈកម្មការបច្ចេកទេស ២៥នាក់ ដឹកនាំកាត់សេចក្តីក្នុងការប្រកួត។

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញពេញ១ថ្ងៃ លើ៨វិញ្ញាសា ផ្នែកកីឡាករ ៤វិញ្ញាសា និងកីឡាការិនី ៤វិញ្ញាសា គឺកីឡាករ កីឡាការិនីមកពីខេត្តព្រៃវែងដណ្តើមបានចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយសរុប ៥គ្រឿង (មាស២ ប្រាក់៣) រាជធានីភ្នំពេញ ឈរលេខ២ មេដាយ៤គ្រឿង (មាស ២ ប្រាក់២) ខេត្តកណ្តាល ឈរលេខ៣ មេដាយ៣គ្រឿង (មាស២ សំរឹទ្ធ១) ខេត្តស្ទឹងត្រែង ឈរលេខ៤ មេដាយ២គ្រឿង (មាស១ សំរឹទ្ធ១) ខណៈខេត្តបាត់ដំបង ឈរលេខ៥ មេដាយមាស១គ្រឿង ស្របពេល២ខេត្តទៀត ដូចជាបន្ទាយមានជ័យ និងកំពង់ចាម ក៏ទទួលបានមេដាយប្រាក់ និងសំរឹទ្ធមួយចំនួនផងដែរ៕
ដោយ ហេង ណាលីន





