កិច្ចប្រជុំពិភាក្សាការងារលម្អិតអំពីការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨
AKP ភ្នំពេញ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាសមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិតអំពីការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨។

កិច្ចប្រជុំបានផ្តោតទៅលើចំណុចពិភាក្សាសំខាន់ៗ រួមមាន៖ ១. ធ្វើការកំណត់ប្រភពថវិកា និងជជែកពិភាក្សាអំពីសកម្មភាពផ្សេងៗទៀត ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ រួមទាំងមធ្យោបាយដើម្បីឱ្យការអនុវត្តសកម្មភាពនីមួយៗប្រព្រឹត្តទៅដោយរលូន និងសម្រេចទៅតាមការរំពឹងទុក។ ២. ធ្វើសន្ធានកម្មទិន្នន័យរវាងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ។ ៣. រៀបចំសេចក្តីណែនាំស្តីពីនីតិវិធីនៃការអនុវត្តការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលក្ខណៈសាមញ្ញ ងាយស្រួល ឆាប់រហ័ស និងអាចទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ។ ៤. ផ្តល់ការបណ្តុះបណ្តាល និងបំពាក់ឧបករណ៍ សម្ភារជូនការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តការងារនានាពាក់ព័ន្ធការប្រើប្រាស់ថ្នាលឌីជីថលសម្រាប់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង៥. ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តឱ្យបានទូលំទូលាយដល់សាធារណជនឱ្យបានយល់ដឹងពីសិទ្ធិ កាតព្វកិច្ច និងឱកាសចូលរួមចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាផ្លូវការ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ)





