ឯកឧត្តម សុខ គាង ប្រគល់ម៉ាស៊ីន LCD projector ចំនួន១២គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥–ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកម្មវិធីប្រគល់-ទទួលម៉ាស៊ីន LCD Projector ចំនួន ១២គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្រោមអធិបតីភាពឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃសៅរ៍ទី២ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណគុណឯកឧត្តម សុខ គាង ដែលបាននាំយក LCD Projector ចំនួន ១២គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ តាមការស្មើសុំរបស់នាយកសាលាវិទ្យាល័យវាលរេញ។ ទោះបីនៅតាមព្រំដែនរបស់កម្ពុជាមានសង្គ្រាម បង្កឡើងដោយភាគីថៃ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ស្តីអំពីការអភិវឌ្ឍ និងកែលម្អគុណភាពអប់រំនៅទូទាំងប្រទេស ទន្ទឹមនោះរាជរដ្ឋាភិបាលមានចក្ខុវិ័សយឆ្នាំ២០៥០ កម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ ព្រមទាំងបានថ្លែងអំណគុណឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់ ដែលបានជួយគាំទ្រដល់វិស័យអប់រំនៅខេត្តព្រះសីហនុ ហើយសាលាវិទ្យាល័យវាលរេញរបស់យើងនៅតែជាសាលាឈានមុខក្នុងការចូលរួមប្រឡងប្រណាំងសាលាគំរូ និងបន្តកែលម្អអនាម័យបរិស្ថាន សោភ័ណភាព និងគុណភាពសិក្សាផងដែរ ដូច្នេះទាមទាការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក៏ដូចជាអាណាព្យាបាល សហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ។


ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងនាមក្រុមការងាវិស័យអប់រំខេត្តព្រះសីហនុ និងក្នុងនាមឯកឧត្តម សាយ សំអាល់ ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានចូលរួមជាមួយវិស័យអប់រំខេត្តព្រះសីហនុ មានការរីកចម្រើន ហើយសក្តានុពលរបស់សាលានាពេលនេះដោយមានកិច្ចសហការជាមួយ សហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ហើយសកម្មភាពទាំអស់នេះ គឺចេញពីបេះដូង យើងត្រូវរួមគ្នាចូលរួមការប្រឡងប្រណាំងបន្តទៀត និងទទួលបានចំណាត់ថ្នាក់កាន់តែល្អ ក្រុមការងារវិស័យអប់រំបន្តជួយដល់វិស័យអប់រំក្នុងខេត្តព្រះសីហនុ ក្នុងការរៀបចំកែលម្អហេដ្ឋារចនាសមព័ន្ធចាប់ពីផ្លូវចេញពីសាលាទៅដល់ថ្នល់ជាតិ គម្រោងដែលត្រូវធ្វើ គឺចាប់ពីទីធ្លាផ្នែកសាលាខាងមុខ ដែលមានបីគោលដៅធំៗដូចជា ១.រដ្ឋបាលខេត្តពិនិត្យនិងកែលម្អរបងសាលាផ្នែកខាងក្រោយ ២.ចំណែក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផ្តោត លើរបងសាលារៀនផ្នែកខាងមុខ ៣.កែលម្អអនាម័យ បរិស្ថាន និងកងទីន ស្របតាមស្តង់ដារ ដូច្នេះត្រូវមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់គ្នា ដើម្បីបរិស្ថានសាលារបស់យើងគំរូ មានស្តង់ដារសម្រាប់សាលាដ៏ទៃទៀតក្នុងខេត្តព្រះ សីហនុ។

បន្ទាប់មក ឯកឧត្តម សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត ក៏អញ្ជើញចុះពិនិត្យសាលាមត្តេយសិកសាធនធាន ហ៊ុន សែន វាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ចូលរួមបុណ្យសពខ្មែរឥស្លាមនៅវិហារ ដូនឡយ ភូមិដូនឡយ ឃុំបឹងតាព្រហម្ម និងបន្តចុះពិនិត្យកូនឈើដែលដាំរូចនៅក្នុងបរិវេណសាលាបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ក្រុងកំពង់សោម ៕
ដោយ៖ ងូ សុមុនី





