ជនភៀសសឹកក្នុងវត្ដស្រែណូយ ខេត្តសៀមរាបមានជាង៥ពាន់នាក់ ក្នុងនេះមានសិស្សជាង៣០០នាក់ អាជ្ញាធរកំពុងដោះស្រាយឱ្យបានរៀនសូត្រ
AKP សៀមរាប ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៥–គិតចាប់ពីមានការផ្ទុះអាវុធដាក់គ្នាដោយសារការឈ្លានពានពីភាគីថៃចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៥នេះឃើញថា ប្រជាពលរដ្ឋដែលបានភៀសខ្លួនមករស់នៅក្នុងវត្ដស្រែណូយ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាបមានចំនួន១១៦៤គ្រួសារ សរុបមានចំនួន៥០៥៣នាក់។ក្នុងចំណោមនេះមានសិស្សានុសិស្សពី ៣ទៅ៤រយនាក់កំពុងត្រូវបានអាជ្ញាធរ ដោះស្រាយឱ្យបានរៀនសូត្រ។
បញ្ជាក់ប្រាប់ក្រុមបណ្តាញសារព័ត៌មាននៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៥នេះលោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិន ខេត្ដសៀមរាប ទទួលខុសត្រូវជាប្រធានគណៈកម្មការគ្រប់គ្រងជនភៀសសឹកនៅក្នុងវត្ដស្រែណូយ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាបបានឱ្យដឹងថា”សម្រាប់ជនភៀសសឹកភាគច្រើនមកពីស្រុកអន្លង់វែង ក្រុងសំរោង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ”។

លោក ប៊ុត វិបុល អភិបាលរងស្រុកវ៉ារិនបានបញ្ជាក់ប្រាប់ដែរថា ដោយសារប៉ុន្មានថ្ងៃមុននេះឃើញថាស្ថានភាពព្រំដែនបានធូរស្រាលប្រជាពលរដ្ឋមួយចំនួនបានវិលត្រឡប់ទៅផ្ទះសម្បែងវិញខ្លះ។ដោយឡែកសម្រាប់យប់ថ្ងៃទី៣ ខែសីហា ម្សិលម៉ិញនេះដែរដោយសារកងទ័ពថៃបានបង្ហាញការចង់ផ្ទុះប្រដាប់អាវុធជាថ្មីម្តងទៀត ទើបឃើញថាពលរដ្ឋមួយចំនួនបានវិលត្រឡប់មកស្នាក់នៅទីកន្លែងជនភៀសខ្លួននេះឡើងវិញផងដែរ។

លោកបានប្រាប់បន្ថែមថា៖ដោយសារកំណើនប្រជាពលរដ្ឋជាជនភៀសសឹកច្រើនឃើញថាអាជ្ញាធរចាំបាច់ត្រូវរៀបចំបង្គន់អនាម័យ បន្ទប់ទឹកឱ្យបានល្អដើម្បីផ្តល់ភាពងាយស្រួលពួកគាត់ប្រើប្រាស់។ក្រៅពីនេះក៏មានក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តមកពីរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យកុមារអង្គរក៏បានមកជួយព្យាបាលជំងឺជូនដល់ពួកគាត់។


លោក អភិបាលរងស្រុកបានប្រាប់ឱ្យដឹងបន្ថែមថា ចំពោះការផ្គត់ផ្គង់ស្បៀងអាហារវិញគឺមាន សម្បុរសជន ម្ចាស់អំណោយ រដ្ឋបាលខេត្ត បានចែកជូនពួកគាត់ជាបន្តបន្ទាប់ ក្នុងនេះបើសរុបមានចំនួន១៣លើកហើយ។សម្រាប់នាពេលនេះគឺអាជ្ញាធរបានចែកជូនពួកគាត់រួចរាល់អស់ហើយដែរ តែសម្រាប់រយៈពេលយូរបន្តទៀតអាជ្ញាធរនឹងជួយសម្របសម្រួលដើម្បីជួយដល់ពួកគាត់បន្ថែមទៀត ពីព្រោះថាពលរដ្ឋខ្លះពួកគាត់បានដាក់ម្ហូបអាហារ អង្ករមកជាមួយ ប៉ុន្តែពលរដ្ឋខ្លះទៀតពុំបានដាក់មកជាប់ខ្លួនទេ។

យ៉ាងណាក្តី លោកអភិបាលរងស្រុកបានបញ្ជាក់ប្រាប់ផងថាដោយសារការឃ្លាតឆ្ងាយពីផ្ទះកុមារ និងសិស្សានុសិស្សខ្លះពុំបានរៀនសូត្រ ហេតុនេះទើបខាងអប់រំបានចុះស្រង់ស្តិតិដើម្បីផ្តល់ការរៀនសូត្របន្ថែម ហើយរយៈពេលប៉ុន្មានថ្ងៃមុននេះក៏មានអង្គការក្រៅរដ្ឋាភិបាល បានយកសៀវភៅ អំណានដើម្បីជួយឱ្យសិស្សានុសិស្សបានអានផងដែរ៕
ដោយ៖មករា,រូបថត សំ សាម៉ន





