ក្រុមហ៊ុនអាមេរិក Argentem Creek កំពុងស្វែងរកឪកាសវិនិយោគនៅកម្ពុជា
AKP ភ្នំពេញថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥– បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មទាក់ទាញនិងជំរុញវិនិយោគនៅអាម៉េរិក កាលពីចុងឆ្នាំ២០២៤ ក្រុមហ៊ុនអាម៉េរិក Argentem Creek សម្រេចចិត្តមកធ្វើទស្សនកិច្ចស្វែងយល់ដោយផ្ទាល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងឈ្វេងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាសវិនិយោគនៅកម្ពុជា សំដៅស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា។


ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនេះ លោកប្រធានប្រតិបត្តិក្រុមហ៊ុន Salmon Group បានជម្រាបជូនពីវឌ្ឍនភាព និងគំរូអាជីវកម្ម របស់ក្រុមហ៊ុនខ្លួន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍លើវិសាលភាពនៃការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល ដែលកំពុងតែមានភាពរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងពោរពេញដោយសក្តានុពល ក្នុងការចាប់យកនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពនៃកំណើនថ្មី។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានលើកឡើងពីសក្កានុពលនានាបន្ថែម ដែលជាភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស។ លើសពីនេះ ឯកឧត្តម ក៏បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគកាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ មានអនុលោមភាពតាមច្បាប់ និងប្រកបដោយភាពងាយស្រួល។ គួររំលឹកដែរថា ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានប្រព្រឹត្តទៅ បន្ទាប់ពីជំនួបជាមួយប្រតិភូក្រុមហ៊ុន Argentem Creek នៅក្នុងឱកាសនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិកកាលពីចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៤ កន្លងទៅ៕
ដោយ៖ ចរិយា





